កងទ័ព​រុស្ស៊ី ៤​នាក់​បាន​ស្លាប់​ដោយសារ​ការ​វាយប្រហារ​របស់​ក្រុម​ភេរវជន​នៅ​ស៊ីរី

  • 2018-05-27 22:24:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កងទ័ព​រុស្ស៊ី ៤​នាក់ ដែល​ក្នុង​នោះ មាន​ទីប្រឹក្សា​យោធា ២​នាក់ បាន​ស្លាប់​កាលពី​ថ្ងៃ​ទី២៧ ខែ​ឧសភា ២០១៨ ម្សិលមិញ ក្នុង​ការ​វាយប្រហារ​ដោយ​អាវុធ​ធន់​ធ្ងន់​របស់​ក្រុម​ភេរវជន នៅ​ភាគ​ខាងកើត​ប្រទេស​ស៊ីរី។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី។

ការ​វាយ​ប្រហារ​នេះ​បាន​ផ្ទុះ​ឡើង​ដោយ​ក្រុម​សកម្មជន​ប្រយុទ្ធ​ជាច្រើន​ក្រុម​បាន​បើក​ការ​វាយ​ប្រហារ​ដោយ​ប្រើ​អាវុធ​ធន់​ធ្ងន់​មក​លើ​កងទ័ព​ស៊ីរី នៅ​ក្នុង​ខេត្ត Deir ez-Zor នៅ​យប់​ថ្ងៃ​ទី២៦ ឆ្លង​ចូល​ថ្ងៃ​ទី២៧ ខែ​ឧសភា ២០១៨។

ក្នុង​នោះ ទីប្រឹក្សា​យោធា​រុស្ស៊ី ២​រូប ដែល​បាន​ឆ្ពោះ​ទៅ​តំបន់​វាយ​ប្រហារ​នោះ ត្រូវ​បាន​ក្រុម​ភេរវជន​វាយ​ប្រហារ​ស្លាប់​ភ្លាមៗ។ ចំណែក​កងទ័ព​រុស្ស៊ី ២​រូប​ទៀត​បាន​ស្លាប់​ក្រោយ​បញ្ជូន​ដល់​មន្ទីរពេទ្យ​យោធា​របស់​រុស្ស៊ី។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​ក៏​បាន​បញ្ជាក់​ដែរ​ថា កងទ័ព​រុស្ស៊ី និង​ស៊ីរី​បាន​ប្រយុទ្ធ​នឹង​ក្រុម​ភេរវជន​អស់​រយៈពេល​ប្រមាណ ១​ម៉ោង ហើយ​បាន​សម្លាប់​ក្រុម​ភេរវជន ៤៣​នាក់ និង​បាន​កម្ទេច​យានយន្ត​ដែល​បំពាក់​ដោយ​អាវុធ​ធន់​ធ្ងន់​ចំនួន ៦​គ្រឿង៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;