ក្រុមហ៊ុន​ខ្នាតយក្ស៤​របស់​ចិន កំពុង​ក្តោបក្តាប់​ការ​វិនិយោគ​អចលនទ្រព្យ​នៅ​កម្ពុជា

  • 2018-05-30 00:58:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​របស់​ចិន​ធំៗ​ចំនួន​៤ កំពុង​មាន​សកម្មភាព​ផុសផុល​ខ្លាំង​ជាងគេ ក្នុង​ចំណោម​ក្រុមហ៊ុន​ចិន​ផ្សេងៗ​ទៀត​ដែល​វិនិយោគ​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា។ នេះ​បើតាម​ការ​អះអាង​របស់​លោក James Hodge នាយក​រង​ក្រុមហ៊ុន​​ CBRE Cambodia ថ្លែង​ប្រាប់​សារព័ត៌មាន Reuters កាលពី​ចុង​សប្តាហ៍​មុន​កន្លង​ទៅនេះ។

លោក James Hodge បាន​បញ្ជាក់​ថា ក្រុមហ៊ុន​ចិន​ធំៗ​ដែល​កំពុង​សកម្មភាព​លេចធ្លោ​ជាងគេ​ទាំងនោះ​មាន​ដូចជា ក្រុមហ៊ុន Guangzhou Yeutai Group, Prince Real Estate, Jiayuan International Group និង​ក្រុមហ៊ុន Guangzhou R&F Properties។

សំណង់អគាររបស់ក្រុមហ៊ុនចិន នៅក្នុងរាជធានីភ្នំពេញ
- ក្រុមហ៊ុន Guangzhou Yeutai Group ជា​ក្រុមហ៊ុន​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​អចលនទ្រព្យ ដ៏​វ័យ​ចំណាស់​មួយ​របស់​ប្រទេស​ចិន ​ត្រូវបាន​បង្កើត​ឡើង​ក្នុងឆ្នាំ១៩៩៤ ដែល​ភាគច្រើន​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​នេះ ផ្តោត​លើ​ការ​សាងសង់​លំនៅឋាន និង​អគារ​ពាណិជ្ជកម្ម។ ក្រុមហ៊ុន East Development (HK) Ltd ដែល​ជា​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន Guangzhou Yeutai Group បាន​ឈានជើ​ងចូល​ទីផ្សារ​កម្ពុជា ក្នុង​អំឡុង​ពាក់​កណ្តាល​ឆ្នាំ​២០១៥ ដោយបោះ​ទុន​វិនិយោគ​លើ​គម្រោង​៣ ក្នុង​តម្លៃ​៦០​លានដុល្លារ។​ គម្រោង​ទាំងបី​នោះ​មាន​ដូចជា East One International Apartment, East View Residences និង​គម្រោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម East Commercial Centre។
  • ក្រុមហ៊ុន Prince Real Estate បាន​នឹង​កំពុង​វិនិយោគ​លើ​លំនៅឋាន​ខុនដូ និង​អគារ​ការិយាល័យ ជាដើម។ ក្នុងនោះ​មាន​គម្រោង​ The Prince Central Plaza, Prince Modern Plaza និង​គម្រោង Prince Times Plaza​ ដែល​ស្ថិតនៅ​តាម​បណ្តោយ​មហាវិថី​នរោត្តម ក្បែរ​ទីក្រុង​រណប​កោះពេជ្រ។ ក្រៅពីនេះ​ ក្រុមហ៊ុន​ចិន​មួយនេះ​ក៏បាន​ទិញ​យក​អគារក្នុង​មជ្ឈមណ្ឌល​កោះពេជ្រ​មួយ​ចំនួន​ផងដែរ​ដូចជា អគារ Diamond One និង​អគារ Diamond International ហើយ​ក៏មាន​គម្រោង​វិនិយោគមួយ​ចំនួនទៀត​ផងដែរ ក្នុងខេត្ត​ព្រះ​សីហនុ។
គម្រោងអគារ Prince Times Plaza
  • ក្រុមហ៊ុន Jiayuan International Group បាន​ទិញ​ដី​ ៥​កន្លែង​ក្នុង​តម្លៃ ៣៥,៦​លាន​ដុល្លារ​អាមេរិក កាលពី​ពាក់​កណ្តាល​ខែ​ឧសភា​កន្លង​ទៅ​នេះ ស្ថិតតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុង​ខណ្ឌជ្រោយ ចង្វារ​សម្រាប់​ការ​វិនិយោគ​លំនៅឋាន និង​អគារ​ពាណិជ្ជកម្ម។

  • ក្រុមហ៊ុន Guangzhou R&F Properties បាន​បង្ហើប​ពី​គម្រោង​វិនិយោគ​សណ្ឋាគារ​ផ្កាយ៦ នៅ​ភ្នំពេញ និង​នៅ​ខេត្ត​ព្រះសីហនុ ដែល​មាន​តម្លៃ ៣ពាន់​លាន​ដុល្លារ​អាមរិក​ កាលពី​ដើមឆ្នាំ​២០១៧ ក្នុង​ជំនួប​ជាមួយ​រវាង​សម្តេច ហ៊ុន សែន និង​លោក Zhang Li អគ្គនាយក​ក្រុមហ៊ុន Guangzhou R&F Properties។ ហើយ​នៅក្នុង​ខែ​ធ្នូ ឆ្នាំ​២០១៧​កន្លងទៅ​ ក្រុមហ៊ុននេះ​បាន​បើក​ការដ្ឋាន​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពហុបំណង​មួយ មាន​តម្លៃ​រហូត​ដល់ ៧០០​លាន​ដុល្លារ​អាមេរិក ដែលរួម មាន​ទាំង​អគារ​ខុនដូ អាផាតមិន និង​កន្លែង​កម្សាន្ត​ជាដើម ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ ៦០​ម៉ែត្រ​ (មហា​វិថី​សម្តេច ហ៊ុ​ន​ សែ​ន)។

រយៈពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ​ លំហូរ​នៃការ​វិនិយោគ​របស់​ចិន​ នៅ​កម្ពុជា​មាន​ការ​កើនឡើង​គួរឱ្យ​កត់​សំគាល់ ជាពិសេស​ការ​វិនិយោគ​លើ​វិស័យ​សំណង់ និង​អចលទ្រព្យ ហាក់មាន​សកម្មភាព​ផុសផុល​ខ្លាំង​ជាងគេ​ បើធៀប​នឹង​ប្រទេស​ផ្សេងៗ​ទៀត​ដែល​វិនិយោគ​លើ​វិស័យ​មួយនេះ​។

សំណង់អគារ​ក្នុងរាជធានីភ្នំពេញ

គិតត្រឹម​ឆ្នាំ២០១៧ កម្ពុជា​មាន​គម្រោង​សំណង់​សរុប​មាន​ប្រមាណ ៣០៥២​គម្រោង ដែល​សរុប​ជា​ផ្ទៃ​ក្រឡា​​​ប្រមាណ ​១០​លាន​មែត្រ​ការ៉េ និង​មាន​ទុន​វិនិយោគ​ជាង ៦,៤​ពាន់​លាន​​ដុល្លារអាមេរិក។ ក្នុងនោះ​ចិន​គឺ​ជា​អ្នក​វិនិយោគធំ​ជាង​​គេ​បំផុត​ ដែល​មាន​គម្រោង​សាងសង់​សរុប​ចំនួន​១៤​គម្រោង ​​សរុប​ជា​ទឹក​ប្រាក់​ប្រមាណ​ជិត ៣០០​លាន​ដុល្លា​រ​អាមេរិក។ នេះបើ​យោង​តាមរបាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់៕

   

អត្ថបទ៖ ឈុត សិរីឧត្តម

អត្ថបទថ្មី
;