អង់គ្លេស និង​ព័រទុយហ្គាល់ ទទួលជ័យ​ជម្នះ​ដូចគ្នា មុនចេញ​ទៅ​ប្រកួត World Cup នៅ​រុស្ស៊ី

  • 2018-06-08 04:34:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​អង់គ្លេស និង​ព័រទុយហ្គាល់ បាន​យកឈ្នះ​លើគូ​ប្រកួត​រៀងៗ​ខ្លួន ក្នុងការ​ប្រកួត​មិត្តភាព​អន្តរជាតិ កាលពី​យប់មិញ មុន​ចូលរួម​ប្រកួត​បាល់ទាត់​ពិភពលោក នៅ​ប្រទេស​រុស្ស៊ី។

អង់គ្លេស បាន​ប្រកួត​ឈ្នះក្រុម​កូស្តារីកា ដោយ​លទ្ធផល ២-០។ ២គ្រាប់​នេះ​ធ្វើបាន​ដោយ Rashford នៅនាទី​១៣ និង Welbeck នៅ​នាទី៧៦។ នេះ​ជា​ជ័យជម្នះ​លើក​ទី២ របស់​ក្រុម​តោ​កំណាច ក្នុងការ​ប្រកួត​កម្តៅ​សាច់ដុំ ត្រៀម World Cup ដោយការ​ប្រកួត​លើកទី​១ គឺ​អង់គ្លេស បាន​យក​ឈ្នះ នីហ្សេរីយ៉ា ២-១ កាលពី​ថ្ងៃទី២ ខែ​មិថុនា ឆ្នាំ​២០១៨។

Rashford ខ្សែប្រយុទ្ធរបស់ Man Utd និងក្រុមអង់គ្លេស រកគ្រាប់បាល់បាននៅនាទី១៣ ក្នុងការប្រកួតជាមួយកូស្តារីកា កាលពីយប់មិញ (រូបថត៖ Reuters)
ចំណែក​ក្រុម​ព័រទុយហ្គាល់​វិញ កាលពី​យប់មិញ គឺបាន​ប្រកួត​ឈ្នះ អាល់ហ្សេរី ដោយ​លទ្ធផល ៣-០។ ៣គ្រាប់​នេះ ធ្វើបាន​ដោយ Goncalo Guedes នៅ​នាទី ១៧ និង ៥៥ និង Bruno Fernandes នៅនាទី​៣៧។ នេះគឺ​ជា​ជ័យជម្នះ​លើក​ដំបូង​របស់​ព័រទុយហ្គាល់ ក្នុង ៤ប្រកួត​ចុងក្រោយ​នេះ។ កាលពី​ប្រកួត​មិត្តភាព​នៅថ្ងៃទី​២ ខែ​មិថុនា​ ព័រទុយហ្គាល់ បាន​ត្រឹម​ស្មើ ក្រុម​ប៊ែលហ្សិក ដោយ​លទ្ធផល ០-០។
កីឡាករក្រុមអាល់ហ្សេរី កំពុងព្យាយាមដណ្តើមបាល់ពីខ្សែប្រយុទ្ធព័រទុយហ្គាល់ Ronaldo ក្នុងការប្រកួតមិត្តភាពកាលពីយប់មិញ (រូបថត៖ Reuters)

សូម​បញ្ជាក់​ថា ការ​ប្រកួត World Cup ខាងមុខ​នេះ អង់គ្លេស គឺ​ស្ថិតនៅ​ក្នុង​ពូល G រួមមាន​ក្រុម ប៊ែលហ្សិក ប៉ាណាម៉ា និង​ទុយណេស៊ី។ ក្នុងនោះ អង់គ្លេស នឹង​ចាប់ផ្តើម​ប្រកួត​លើកដំបូង​ជាមួយ​ក្រុម​ទុយណេស៊ី នៅថ្ងៃទី​១៨ ខែ​មិថុនា ឆ្នាំ​២០១៨។ ចំណែក​ព័រទុយហ្គាល់ ស្ថិតក្នុង​ពូល B រួមមាន​អេស្ប៉ាញ ម៉ារុក និង​អ៊ីរ៉ង់។ ព័រទុយហ្គាល់ នឹងត្រូវ​ចាប់ផ្តើម​ប្រកួត​ជាមួយ​អេស្ប៉ាញ នៅថ្ងៃ​ទី១៥ ខែ​មិថុនា ឆ្នាំ​២០១៨៕

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;