លោក ត្រាំ រិះគន់មេដឹកនាំកាណាដា ហើយមិនចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមរបស់ G7 ឡើយ
- 2018-06-10 02:28:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ត្រាំ រិះគន់មេដឹកនាំកាណាដា ហើយមិនចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមរបស់ G7 ឡើយ
ចន្លោះមិនឃើញ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ថា ជាមនុស្សមិនស្មោះត្រង់ និងទន់ខ្សោយដោយបានធ្វើសេចក្តីថ្លែងការណ៍មិនពិត ក្នុងសន្និសីទសារព័ត៌មាន ហើយលោកព្រមានមិនចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមក្រោយកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេស G7 ឡើយ។
គួរបញ្ជាក់ថា ក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញ លោក Justin Trudeau បាននិយាយថា កាណាដា នឹងជំរុញការចាត់វិធាការសងសឹកនៅថ្ងៃទី១ ខែកក្កដាខាងមុខនេះ ដើម្បីឆ្លើយតបនឹងការសម្រេចចិត្តរបស់រដ្ឋបាលដូណាល់ ត្រាំ ក្នុងការកំណត់ពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូម ពីប្រទេសកាណាដា សហភាពអឺរ៉ុប និងម៉ិចស៊ីកូ។
ជុំវិញការចោទប្រកាន់របស់លោក ដូណាល់ ត្រាំខាងលើនេះ ការិយាល័យនាយករដ្ឋមន្រ្តីកាណាដា បានអះអាងថា លោក Justin Trudeau មិនបាននិយាយអ្វីឡើយ ទាំងក្នុងអំឡុងកិច្ចប្រជុំកំពូល G7 ជាសាធារណៈ និងការសន្ទនាជាមួយលោក ដូណាល់ ត្រាំឡើយ។ កាណាដា ផ្តោតតែទៅលើអ្វីដែលអាចសម្រេចបាន ក្នុងកិច្ចប្រជុំនេះតែប៉ុណ្ណោះ។
សូមជម្រាបថា ក្រុមប្រទេស G7 រួមមាន៖ កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស និងសហរដ្ឋអាមេរិក។ ឆ្នាំ២០១៨នេះ កាណាដាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល G7 លើកទី៤៤ ពីថ្ងៃទី៨ ដល់ ៩ ខែមិថុនា នៅខេត្តកេប៊ិក៕