ក្រសួងយុត្តិធម៌ បញ្ជាឱ្យចាត់វិធានការលើលោក សម រង្ស៊ី ដែលថាព្រះរាជសារព្រះមហាក្សត្រ ក្លែងក្លាយ
- 2018-06-11 09:16:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងយុត្តិធម៌ បញ្ជាឱ្យចាត់វិធានការលើលោក សម រង្ស៊ី ដែលថាព្រះរាជសារព្រះមហាក្សត្រ ក្លែងក្លាយ
ចន្លោះមិនឃើញ
លោក អង្ស វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាឱ្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចោទប្រកាន់លើលោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ។ បញ្ជារបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នេះ បន្ទាប់ពីលោក សម រង្ស៊ី លើកឡើងថា ព្រះរាជសារព្រះមហាក្សត្រ ដែលអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោតថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ ជាព្រះរាជសារក្លែងក្លាយ ឬក៏ជាព្រះសារមួយដែលបានធ្វើឡើងក្រោមការគំរាមកំហែង។
លោក អង្ស វង្សវឌ្ឍានា បានចេញបញ្ជានេះ តាំងតែពីថ្ងៃទី៨ ខែមិថុនា ប៉ុន្តែព័ត៌មាននេះទើបតែត្រូវអ្នកនាំពាក្យរបស់លោកប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី១០ ខែមិថុនាម្សិលមិញនេះ។
រដ្ឋមន្រ្តីរូបនេះ បានចាត់ទុកការលើកឡើងរបស់លោក សម រង្ស៊ី ថាជាការប្រមាថដល់អង្គព្រះមហាក្សត្រ ដែលប្រជាពលរដ្ឋខ្មែរទាំងអស់ពិបាកនឹងទទួលយក។
សូមបញ្ជាក់ថា ក្រោយពីកែក្រមព្រហ្មទណ្ឌពាក់ព័ន្ធនឹងអំពើប្រមាថអង្គព្រះមហាក្សត្រ មានមនុស្សចំនួន២នាក់ហើយ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពីបទប្រមាថព្រះមហាក្សត្រ។
កាលពីខែឧសភាកន្លងទៅនេះ សមត្ថកិច្ចបានចាប់ខ្លួននាយកសាលាបឋមសិក្សាម្នាក់ ក្នុងខេត្តកំពង់ធំ ឈ្មោះ ឃាង ណាវី ក្រោយពីនាយកសាលារូបនោះ បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោក ក្នុងន័យចោទប្រកាន់ ព្រះមហាក្សត្រ និងសមាជិករាជវង្សដទៃទៀតថា បានចូលរួមរំលាយគណបក្សសង្គ្រោះជាតិ។
មនុស្សទី២ដែលត្រូវចាប់ខ្លួនពីបទប្រមាថព្រះមហាក្សត្រ គឺជាងកាត់សក់នៅខេត្តសៀមរាប ឈ្មោះ បាន សម្ភីរ ជាមន្ត្រីគណបក្សង្គ្រោះជាតិ ប្រចាំខេត្តសៀមរាប។ លោកត្រូវចោទប្រកាន់ ក្រោយពេលបានចែកចាយបន្ត (Share) នូវរូបភាពអង្គព្រះមហាក្សត្រ មានបង្កប់ន័យរិះគន់ព្រះមហាក្សត្រ តាមរយៈគណនីហ្វេសប៊ុក។
បើតាមមាត្រា ៤៣៧ ស្ទួនដែលទើបបញ្ចូលទៅក្នុងក្រមព្រហ្មទណ្ឌបានចែងថា ការប្រមាថចំពោះអង្គព្រះមហាក្សត្រត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០១ឆ្នាំ ទៅ០៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០លានរៀលផងដែរ៕