ខណ្ឌ​ដង្កោ មាន​ការ​អភិវឌ្ឍ​លំនៅឋាន​ច្រើន​ជាងគេ​ទី៣ នៅ​រាជធានី​ភ្នំពេញ

  • 2018-06-15 04:56:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


របាយការណ៍​វាយ​តម្លៃ​ដីធ្លី និង​ទីផ្សារ​អចលទ្រព្យ​ក្នុងត្រីមាសទី១​ ឆ្នាំ​២០១៨ របស់​ក្រុមហ៊ុន Vtrust Appraisal បាន​បង្ហាញ​ថា​ ខណ្ឌ​ដង្កោ មាន​ការ​អភិវឌ្ឍ​ច្រើន​ជាងគេ​ទី៣ ក្នុ​ងរាជធានី​ភ្នំពេញ បន្ទាប់ពី​ខណ្ឌ​ពោធិ៍សែនជ័យ និង​សែនសុខ។

បច្ចុប្ប​ន្ន​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន​បុរី​មាន​ដូចជា បុរី​ពិភពថ្មី​ លឹម​ឈាងហាក់ និង​បុរីសូនី​ជាដើម​ បាន​សាងសង់​គម្រោង​លំនៅឋាន​មួយ​ចំនួន​នៅ​ក្នុង​ខណ្ឌ​ដង្កោ​នេះ។ ការ​ផ្គត់ផ្គង់ លំនៅឋាន​នៅ​ខណ្ឌ​នេះ​ បាន​ឈាន​ដល់​ចំនួន​ប្រមាណ​ជាង ១ម៉ឺន​៧ពាន់​យូនីត ក្នុងនោះ​មាន ប្រមាណ​ជាង​ ១ម៉ឺន​១ពាន់​យូនីត​ហើយ ត្រូវបាន​សាងសង់​បញ្ចប់​ជា​ស្ថាពរ។

លើសពីនេះ​ អ្នក​អភិវឌ្ឍ​ ក៏​មាន​គម្រោង​សាងសង់​លំនៅឋាន​ចំនួន ៣ពាន់​យូនីត​បន្ថែមទៀត​នៅ ត្រឹមឆ្នាំ​២០១៨​ ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​កំណើន​ប្រជាជន​ប្រចាំឆ្នាំ ៨% នៃ​ខណ្ឌ​​ដង្កោ​នេះ​ផងដែ​រ ។

សំណង់ផ្ទះល្វែង១កន្លែង នៅរាជធានីភ្នំពេញ (រូបតំណាង)
ស្ថិតនៅ​ប៉ែកនីរតី​នៃ​រាជធានី​ភ្នំពេញ ខណ្ឌ​ដង្កោ​ មាន​ចំនួន​ប្រជាជន​ប្រមាណ​ជាង ១សែន​នាក់ ហើយ​មាន​ផ្ទៃដី​ ១១១​ម៉ែត្រ​ការ៉េ​  បែងចែក​ជា ១៣​សង្កាត់។ ខណ្ឌ​នេះ ជាខណ្ឌ​ដែល​ធំ​ជាងគេ​ទី២​ បន្ទាប់ពី​ខណ្ឌ​ពោធិ៍សែនជ័យ​ ដោយ​ជាប់​ព្រំប្រទល់​ជាមួយ ខណ្ឌ​មានជ័យ ខណ្ឌ​ពោធិ៍សែនជ័​យ និង​ខេត្ត​កណ្តាល។

រយៈពេល​ជាង​ ៦ឆ្នាំ​ចុងក្រោយ​នេះ ដោយ​រាប់​ចាប់ពី​ឆ្នាំ​២០១២ រហូតដល់​ឆ្នាំ​២០១៧ អត្រា​កំណើន​ដីធ្លី​ជា​មធ្យម​ប្រចាំឆ្នាំ​នៅក្នុង​ខណ្ឌដង្កោ បាន​កើនឡើង​៣៥%។

លោក ហ៊ឹម សីហា នាយក​ស្រាវជា្រវ​នៃក្រុមហ៊ុ​ន​ Vtrust Appraisal បាន​ថ្លែង​ឱ្យ​ដឹងថា​ ការ​ហក់ឡើង​នៃ​តម្លៃ​ដី​ក្នុង​ខណ្ឌ​នេះ ដោយសារតែ​មាន​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនាសម័ន្ធ​ ​កំណើន​ប្រជាជន រួមទាំង​គម្រោង​អភិវឌ្ឍ​ទីក្រុង​រណប ING Holding City និង​គម្រោង​សាងសង់​ព្រលានយន្ត​ហោះ ដែលមាន​ទីតាំង​នៅស្រុក​កណ្តាល​ស្ទឹង​ ខេត្ត​កណ្តាល។​

តម្លៃដីធ្លី​នៅ​ខណ្ឌ​ដង្កោ​អាច​ខ្ពស់ ឬទាប​អាស្រ័យ​នឹង​ចម្ងាយ​ផ្លូវ​ពីវត្ត​ភ្នំ​ ដែលជា​ចំណុច​កណ្តាល​នៃ​រាជ ធានីភ្នំពេញ។ ​តម្លៃដី តាម​បណ្តោយ​ផ្លូវធំ ដែល​ជា​ដី​ទំនេរ​ចម្ងាយ​ប្រហែល ១០គីឡូម៉ែត្រ​ពី​វត្តភ្នំ អាចមាន​តម្លៃ ៤៥០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រកា​រ៉េ​  ហើ​យប្រ​សិនបើ​ចម្ងាយ​ប្រហែល ២៥​គីឡូម៉ែត្រ​ ពី​វត្ត​ភ្នំ  តម្លៃដី​អាចត្រឹម​តែ​ ១០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។​​ យ៉ាងណា​មិញ ដី​ទំនេរ​ដែល​មាន​ចម្ងាយ ២ទៅ ៣គីឡូម៉ែត្រ​នៅ​សង្កាត់​ដង្កោ​ ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ចំការ​ដូង​ (ឬផ្លូវ​២១៧)  អាចមាន​តម្លៃ ចាប់ពី ៤០០​ ដុល្លារ​ដល់ ៨០០​ដុល្លារ​ក្នុង​មួយម៉ែត្រ​ការ៉េ​ ដែលជា​តម្លៃ​ខ្ពស់​បំផុត​ក្នុង​សង្កាត់​ដង្កោ៕

អត្ថបទ៖ ឈុត សិរីឧត្តម

អត្ថបទថ្មី
;