អចលនទ្រព្យ​នៅ​ជាយ​រាជធានី​ភ្នំពេញ រីក​លូតលាស់​ពី​តំបន់​ណា​មុន​គេ?

  • 2018-06-19 02:36:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ជំនាញ​អចលនទ្រព្យ​ បាន​លើកឡើង​ថា​ និន្នាការ​នៃ​ការ​អភិវឌ្ឍ​ទីក្រុង​មុន​អំឡុង​ឆ្នាំ​២០១​២​ ពោលគឹ​ចលនា​នៃ​ការ​រីក​លូតលាស់​អចលនទ្រព្យ​​បាន​ចាប់​ផ្តើម​មុនគេ​ពី​ភាគ​ខាងលិច​នៃ​រាជធានី​ភ្នំពេញ។ ​នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​លោក សន សៀប  ស្ថាបនិក និង​ជា​អគ្គនាយក​ក្រុមហ៊ុន Key Real Estate Co.,Ltd។

លោក សន សៀប ស្ថាបនិក និង​ជា​អគ្គនាយក​ក្រុមហ៊ុន Key Real Estate Co.,Ltd ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន នា​ពេល​កន្លង​ទៅ​ (រូបថត៖ ផ្ដល់ឲ្យ)
បន្ទាប់ពី​ អចលនទ្រព្យ​មាន​ភាព​រីកចម្រើន​មុនគេ​នៅ​ទិស​ខាងលិច ​អ្នក​ជំនាញ​អចលនទ្រព្យ​រូប​នេះ​បាន​សង្កេត​ឃើញ​ថា​ ពីឆ្នាំ​២០១២​ ដល់​ឆ្នាំ​២០១៥​ ការ​អភិវឌ្ឍ​នៃ​ទីផ្សារ​មួយ​នេះ​បាន​ធ្វើ​ដំណើរ​ដល់​ទិស​ខាង​ជើង​ឈៀង​ខាង​លិច ហើយ​ទិស​ខាងជើង​បាន​បន្ត​រីក​លូតលាស់​រហូត​មក​ដល់​ឆ្នាំ​២០១៨​នេះ​។ ​ក្នុង​ឆ្នាំ២០១៨ ដដែល​នេះ​ ការ​អភិវឌ្ឍ​អចលនទ្រព្យ​ក៏​បាន​ធ្វើដំណើរ​រហូត​មក​ដល់​ទិស​ខាង​ត្បូង​ ហើយ​សម្រាប់​រយៈ​ពេល​ខាង​មុខ នឹង​ធ្វើ​ដំណើរ ទៅ​ទិស​ខាង​កើត ពោល​គឺ​​នៅ​ពេល​ដែល​ស្ពាន​នឹង​ត្រូវ​បាន​តភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​អរិយក្សត្រ​។

លោក សន​ សៀប បាន​មាន​ប្រសាសន៍​ថា​ ភាគ​ខាង​ត្បូង​នា​ពេល​បច្ចុប្បន្ន​នេះ​បាន​ក្លាយ​ជា​ទិស(ឬ​តំបន់) ​ទី​បី​នៃ​ការ​រីក​លូតលាស់​លើ​វិស័យ​អចលនទ្រព្យ​បន្ទាប់ពី​ភាគ​ជើង​​។ ​ លោក​បាន​ពន្យល់​ថា​ ភាព​រីក​ចម្រើន​នៃ​ភាគ​ខាង​ត្បូង​ក្នុង​ឆ្នាំ​២០១៨នេះ ដោយសារតែ​មាន​គម្រោង​ជាច្រើន​​កំពុង​ត្រូវ​បាន​អភិវឌ្ឍ​ ហើយ​រួម​ទាំង​ភាព​ល្អ​ប្រសើរ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​។

ផ្ទះល្វែង នៅបុរីមួយកន្លែង

សូម​ជម្រាប​ផងដែរ​ថា គម្រោង​ដែល​កំពុង​ត្រូវ​បាន​អភិវឌ្ឍ​នា​ពេល​បច្ចុប្បន្ន និង​សម្រាប់​ការ​សាងសង់​នា​ពេល​អនាគត​មាន​ដូចជា​ ​ គម្រោង​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពហុ​បំណង​របស់​ក្រុមហ៊ុន​ចិន R&F Properties ស្ថិតនៅ​តាម​បណ្តោយ​មហា​វិថី​សម្តេច ហ៊ុ​ន​ សែ​ន។​ គម្រោង​សាងសង់​ទីក្រុង​រណប ING City របស់​ក្រុមហ៊ុន ING Holding ដែល​នឹង​អភិវឌ្ឍ​នៅ​លើ​បឹង​ចំនួន​ពីរ គឺ​បឹង​ទំពុន​ និង​បឹង​ជើងឯក និង​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ថ្មី​តម្លៃ ១,៥​ពាន់​លាន​ដុល្លារ​អាមេរិក ស្ថិត​នៅ​ស្រុក​កណ្តាល​ស្ទឹង​ ខេត្ត​កណ្តាល ដែល​ជា​ព្រំ​ប្រទល់​ខណ្ឌ​ដង្កោ នៃ​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ។​

មិន​តែ​ប៉ុណ្ណោះ ភ្លាម​ៗ​បន្ទាប់​ពី​ផ្សារ​ទំនើប​អ៊ីអនម៉ល​ទី២ បាន​បើក​សម្ពោធ​កាល​ពី​ចុង​ខែ​ឧសភា ក៏​មាន​ពត៌មាន​ក្នុង​ស្រុក បាន​ចុះផ្សាយ​ជា​បន្តបន្ទាប់​ថា​ នា​ពេល​អនាគត​នឹង​មាន​គម្រោង​សាងសង់​អ៊ីអនម៉ល​ទី៣ នៅ​តាម​បណ្តោយ​មហា​វិថី​សម្តេច ហ៊ុ​ន​ សែ​ន ផង​ដែរ៕

ផ្សារទំនើបអ៊ីអនម៉ល​ទី២

អត្ថបទ៖ សិរីឧត្តម

អត្ថបទថ្មី
;