អតីតរដ្ឋមន្ត្រីការបរទេសថៃជាប់ពន្ធនាគារ២ឆ្នាំ ពីបទចេញលិខិតឆ្លងដែនជូនលោកថាក់ស៊ីន
- 2018-06-20 02:15:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតរដ្ឋមន្ត្រីការបរទេសថៃជាប់ពន្ធនាគារ២ឆ្នាំ ពីបទចេញលិខិតឆ្លងដែនជូនលោកថាក់ស៊ីន
ចន្លោះមិនឃើញ
តុលាការកំពូលថៃ កាលពីថ្ងៃទី១៩ មិថុនាម្សិលមិញ បានកាត់ទោសអតីតរដ្ឋមន្ត្រីការបរទេស លោក Surapong Tohvichakchaikul ឲ្យជាប់ពន្ធនាគាររយៈពេល២ ឆ្នាំ ពីបទចេញលិខិតឆ្លងដែនជាថ្មីជូនដល់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ក្នុងឆ្នាំ២០១១។
តុលាការថៃ បានបញ្ជាក់ថា បទល្មើសរបស់លោក Surapong គឺប្រឆាំងទៅនឹងច្បាប់ឆ្នាំ២០០៥របស់ក្រសួងការបរទេស ដែលពាក់ព័ន្ធនឹងការចេញលិខិតឆ្លងដែនជាថ្មី។
ជាមួយគ្នានេះ តុលាការថៃ បានលើកឡើងទៀតថា ការចេញលិខិតឆ្លងដែនជូនដល់លោកថាក់ស៊ីននេះ បានធ្វើឲ្យខូចសេចក្តីថ្លៃថ្នូរនៃប្រព័ន្ធយុត្តិធម៌របស់ប្រទេស។
គួររម្លឹកថា នៅពេលលោក Surapong កាន់តំណែងជារដ្ឋមន្ត្រីការបរទេស ក្នុងឆ្នាំ២០១១ លោក បានដាក់បញ្ជាឲ្យក្រសួងការបរទេសចេញលិខិតឆ្លងដែនចំនួន ២ ជូនដល់លោក ថាក់ស៊ីន ដែលលិខិតឆ្លងដែនចាស់របស់លោក ត្រូវបានដកហូតកាលពីខែធ្នូឆ្នាំ២០០៨ ដោយរដ្ឋាភិបាល លោកAbhisit Vejjajiv៕
លោកថាក់ស៊ីន បានរស់នៅដោយការនិរទេសខ្លួននៅឯបរទេស ចាប់តាំងពីឆ្នាំ២០០៨មកម្ល៉េះ៕