សេដ្ឋីអចលនទ្រព្យនៅកម្ពុជា បោះជំហានលើការផ្តល់មូលនិធិសម្រាប់អ្នកខ្វះដើមទុនបើកអាជីវកម្ម
- 2018-06-20 08:39:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សេដ្ឋីអចលនទ្រព្យនៅកម្ពុជា បោះជំហានលើការផ្តល់មូលនិធិសម្រាប់អ្នកខ្វះដើមទុនបើកអាជីវកម្ម
ចន្លោះមិនឃើញ
«ខ្ញុំមិនឱ្យត្រីទៅអ្នកហូបទេ តែខ្ញុំនឹងបង្រៀនអ្នកឱ្យចេះស្ទូចត្រី»។ នេះជាប្រសាសន៍របស់លោកឧកញ៉ា សៀ ឫទ្ធី ដែលលោកចង់សំដៅលើន័យថា បើឱ្យលុយទៅគេ គឺត្រូវបង្រៀនគេឱ្យចេះរកលុយ។ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន WorldBridge Land រូបនេះ ដែលជាអ្នកជំនួញល្បីល្បាញមួយរូបលើវិស័យអចលនទ្រព្យ បានឈានជើងមួយជំហានទៀតដោយបង្កើតមូលនិធិមួយ ឈ្មោះថា Ooctane Cambodia ដែលត្រូវបានដាក់ឱ្យដំណើការហើយ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ម្សិលមិញនេះ។
សម្រាប់អាជីវកម្មដែលដំណើរការដំបូង នឹងទទួលបានមូលនិធិសម្រាប់យកទៅវិនិយោគចាប់ពី ៥ពាន់ ដល់ ១ម៉ឺនដុល្លារ។ ដោយឡែកអាជីវកម្មដែលមានផលិតផលស្រាប់ក្នុងទីផ្សារ នឹងទទួលបានការផ្តល់ទុនចាប់ពី ២ម៉ឺន ៥ពាន់ដុល្លារ។
យ៉ាងណាមិញ ដើម្បីទទួលបានមូលនិធិនេះ ម្ចាស់អាជីវកម្មត្រូវដាក់ពាក្យស្នើសុំ ត្រូវមានគំនិតច្នៃប្រឌិត និងគោលដៅនៃការធ្វើអាជីវកម្មជាដើម ហើយបើសិនជាអាជីវកម្មនោះជាក្រុម គឺត្រូវបានលើកទឹកចិត្ត។ ក្នុងនោះអាជីវកម្មអាទិភាពរួមមាន៖ វិស័យចល័តដឹកជញ្ជូន ពាណិជ្ជកម្មអេឡិចត្រូនិច( E-commerce) បច្ចេកវិទ្យាហិរញ្ញវត្ថុ( Fintech) បច្ចេកវិទ្យាកសិកម្ម (agrotech) បច្ចេកវិទ្យាអប់រំ (edutech) សុខភាព(biotech) និងទេសចរណ៍ជាដើម។
លោក ឧកញ៉ា សៀ ឫទ្ធី បានបញ្ជាក់ថា ក្រុមហ៊ុនមូលធននេះ មិនដូចគ្នាទៅនឹងធនាគារពាណិជ្ជ ដែលតម្រូវឱ្យបង់ការប្រាក់ត្រឡប់នោះទេ។ ក៏ប៉ុន្តែ នឹងមានការជជែកលើការបែងចែកភាគលាភ ល្គឹកណាតែអាជីវកម្មនោះ មានបែបផែនត្រឹមត្រូវ។
គួរបញ្ជាក់ផងដែរថា ប្រាក់វិនិយោគក្នុងដំណាក់កាលដំបូង នៃក្រុមហ៊ុនផ្តល់មូលនិធិនេះបានចំណាយ ៥លានដុល្លារ។ ហើយទំហំនៃទឹកប្រាក់នេះអាចបង្កើនដល់ ២៥ ទៅ ៣០លានដុល្លារបន្ថែមទៀតនៅឆ្នាំក្រោយ តាមរយៈការកៀងគរវិនិយោគិនដទៃទៀតបោះទុនវិនិយោគរួមគ្នា៕