កម្ពុជា មានតំបន់ប្រើប្រាស់ច្រើនយ៉ាងចំនួន ៨ហើយ គិតត្រឹមខែមិថុនានេះ
- 2018-06-20 10:02:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា មានតំបន់ប្រើប្រាស់ច្រើនយ៉ាងចំនួន ៨ហើយ គិតត្រឹមខែមិថុនានេះ
ចន្លោះមិនឃើញ
ឯកសាររបស់ក្រសួងបរិស្ថាន បង្ហាញថា គិតចាប់ពីឆ្នាំ១៩៩៣ ដល់ខែមិថុនា ឆ្នាំ២០១៨ កម្ពុជា មានតំបន់ប្រើប្រាស់ច្រើនយ៉ាងចំនួន ៨តំបន់ហើយ។ តំបន់ទាំងនោះ រួមមាន៖
១-ដងពែង ស្ថិតនៅក្នុងខេត្តកោះកុង ដែលមានផ្ទៃក្រឡា ២៧ ៧០០ ហិកតា កំណត់ដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣។
៣-ទន្លេសាប ស្ថិតក្នុងទីតាំងកំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តសៀមរាប ដែលមានផ្ទៃក្រឡា ៣១៦ ២៥០ ហិកតា កំណត់ដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣។
៤-ពញាក្រែក ស្ថិតនៅទីតាំងខេត្តត្បូងឃ្មុំ ដែលមានផ្ទៃក្រឡា ១៩៩ ហិកតា កំណត់ដោយអនុក្រឹត្យ ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦។
៥-ព្រែកទឹកសាបក្បាលឆាយ ស្ថិតនៅក្នុងខេត្តព្រះសីហនុ មានផ្ទៃក្រឡា ៥ ៥២០ ហិកតា កំណត់ដោយអនុក្រឹត្យ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦។
៦-ភ្នំនាងកង្រី-ភ្នំទូកមាស ស្ថិតក្នុងខេត្តកំពង់ឆ្នាំង មានផ្ទៃក្រឡា ៥០៦៣ហិកតា កំណត់ដោយអនុក្រឹត្យ ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
៧. សសរស្តម្ភសត្វតោ ស្ថិតក្នុងខេត្តក្រចេះ មានផ្ទៃក្រឡា ៨៣៩ហិកតា កំណត់ដោយអនុក្រឹត្យ ចុះថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០១៧។
៨-បឹងយក្ខឡោម ស្ថិតក្នុងខេត្តរតនគិរី ដែលមានផ្ទៃដីសរុប ចំនួន ២២៥ ហិកតា កំណត់ដោយអនុក្រឹត្យ ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨។
ក្រសួងបរិស្ថាន បានបញ្ជាក់ថា តំបន់ប្រើប្រាស់ច្រើនយ៉ាង សំដៅដល់តំបន់ក្នុងដែនដីគោក និង/ឬដែនទឹកដែលក្នុងនោះ មានសម្បូរដោយប្រព័ន្ធធម្មជាតិ ដែលពុំទាន់រងការបំផ្លិចបំផ្លាញ និងតម្រូវឱ្យមានសកម្មភាពគ្រប់គ្រង ដើម្បីធានាការការពារ ការថែទាំធនធានជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ី សម្រាប់ពេលយូរអង្វែង។ ទន្ទឹមនឹងនេះដែរ អាចផ្តល់ផលិតផល និងសេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់តាមតម្រូវការរបស់សហគមន៍។
ការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាង មានគោលបំណង ដើម្បីធានាឱ្យមានការថែទាំទីជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី សារព័ន្ធមជ្ឈដ្ឋានធម្មជាតិ ព្រមទាំងធានាឱ្យមានការបំពេញលក្ខខណ្ឌចាំបាច់ សម្រាប់ប្រភេទណាមួយនៃសត្វព្រៃ រុក្ខជាតិ និងជីវចម្រុះ រក្សាលំនឹងបរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិ និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយធម្មជាតិ។
ការបង្កើតតំបន់នេះ ក៏បានផ្តល់ផលិតផល និងសេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់ដោយនិរន្តរភាព លើកទឹកចិត្តឱ្យមានការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាអ្នកពាក់ព័ន្ធក្នុងការថែរក្សា ការពារអភិរក្ស និងការប្រើប្រាស់ធនធានធម្មជាតិដោយនិរន្តរភាព បង្កើនតួនាទីប្រព័ន្ធអេកូឡូស៊ីតំបន់ការពារធម្មជាតិ សម្រាប់ជាផលប្រយោជន៍ដល់សង្គមជាតិគ្រប់ជំនាន់៕