អ្នកអត្ថាធិប្បាយបាល់ទាត់អេហ្ស៊ីបម្នាក់ស្លាប់ដោយសារគាំងបេះដូង ក្រោយក្រុមអេហ្ស៊ីបចាញ់
- 2018-06-26 06:42:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកអត្ថាធិប្បាយបាល់ទាត់អេហ្ស៊ីបម្នាក់ស្លាប់ដោយសារគាំងបេះដូង ក្រោយក្រុមអេហ្ស៊ីបចាញ់
ចន្លោះមិនឃើញ
លោក Abdel Rahim Mohamed អ្នកអត្ថាធិប្បាយកីឡា និងជាអតីតកីឡាករបាល់ទាត់អេហ្ស៊ីប ត្រូវបានរាយការណ៍ថា បានគាំងបេះដូង និងក្រោយមកបានស្លាប់ បន្ទាប់ពីក្រុមជម្រើសជាតិរបស់គាត់បានប្រកួតចាញ់ក្រុមអារ៉ាប៊ីសាអ៊ូឌីត ក្នុងព្រឹត្តិការណ៍ World Cup។
អ្នកអត្ថាធិប្បាយរូបនេះបានគាំងបេះដូង និងធ្លាក់ខ្លួនឈឺកាលពីល្ងាចថ្ងៃទី២៥ ខែមិថុនា ២០១៨ ម្សិលមិញ បន្ទាប់បានឃើញក្រុមជម្រើសរបស់លោក ត្រូវក្រុមអារ៉ាប៊ីសាអ៊ូឌីតបំបាក់ដោយលទ្ធផល ២-១។ នេះបើតាមសេចក្តីរាយការណ៍ពីសារព័ត៌មានក្នុងតំបន់។ គាត់បានគាំងបេះដូង មុនពេលគាត់ត្រូវបានធ្វើអត្ថាធិប្បាយពីទម្រង់លេងរបស់ក្រុមអេហ្ស៊ីប នៅក្នុងពូល A នៅលើប៉ុស្តិ៍ Nile Sports។
ភ្លាមៗនោះ សហការីបាននាំរូបលោកទៅផ្នែកថែទាំសុខភាព ដែលនៅជាន់ទី៧ នៃអគារប៉ុស្តិ៍ទូរទស្សន៍រដ្ឋរបស់អេហ្ស៊ីប។ បន្ទាប់មកទៀត លោក Mohamed ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ French Qasr Al-Aini ដើម្បីធ្វើការសង្គ្រោះ។ ប៉ុន្តែលោកបានស្លាប់នៅពេលដល់មន្ទីរពេទ្យបានប្រមាណ កន្លះម៉ោង។ នេះបើតាមការបញ្ជាក់ពីលោក Ahmad Taha ប្រធានមន្ទីរពេទ្យ៕