អ្នករត់​ម៉ូតូ​កង់បី ទាំង​ក្នុង​និងក្រៅ​ប្រព័ន្ធ បាន​រួមចំណែក​ជាង ៦ពាន់​លាន​ដុល្លារ​ក្នុង​១ឆ្នាំ ដល់​សេដ្ឋកិច្ច​ជាតិ

  • 2018-06-28 03:25:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​លើកឡើង​ថា ប្រជាពលរដ្ឋ​ដែល​ប្រកបរបរ​ដឹកជញ្ជូន​ទាំង​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ បាន​រួមវិភាគទាន​យ៉ាង​ធំធេង​ក្នុង​សេដ្ឋកិច្ច​ជាតិ​ប្រមាណ ៦ ពាន់លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ការ​ថ្លែង​នេះ ធ្វើឡើង​ក្នុង​ពិធី​រួមគ្នា​ដើម្បី​លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ ប្រកប​របរ​ដឹក​ជញ្ជូន​ក្រៅ​ប្រព័ន្ធ កាលពី​រសៀល​ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ​២០១៨។

លោក ស៊ុន ចាន់ថុល ថ្លែងក្នុង​ពិធី​រួមគ្នា​ដើម្បី​លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ ប្រកប​របរ​ដឹក​ជញ្ជូន​ក្រៅ​ប្រព័ន្ធ កាលពី​រសៀល​ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ​២០១៨
លោក​បញ្ជាក់​ថា កម្ពុជា​រក្សា​បាន​កំណើន​សេដ្ឋកិច្ច ៧%ក្នុង​មួយឆ្នាំ គិតជា​មធ្យម​ក្នុង​រយៈពេល ២០ឆ្នាំ​ចុង​ក្រោយ បង្កើត​ការងារ​បាន​ជាង៣,៦លាន​នាក់​ក្នុង​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម ក្នុង​នោះ​ផ្នែក​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​មាន​ចំនួន​ជាង ១,៤​លាន​នាក់ និង​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ប្រមាណ ២,៤​លាន​នាក់។

នៅក្នុង​ឱកាស​នោះ​ផងដែរ ប្រធាន​សមាគម​រួមគ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា លោក ឯ សុ ភាល់ ​បាន​និយាយថា​ បច្ចុប្បន្ន​នេះ សមាគម​មាន​សមាជិក​ជាង ១,៧ម៉ឺន​នាក់ ដោយ​ក្នុង​នោះ មាន​សមាជិក ជាង ១,១ម៉ឺន​នាក់ បានចុះ​បញ្ជី និងបាន​ទទួល​បណ្ណមូល​និធិ​សមធម៌ ពី​បេឡាជាតិ​របប​សន្ដិសុខ​សង្គម ។

លោក​អះអាង​ថា ប្រជាពលរដ្ឋ​ប្រកប​របរ​ដឹក​ជញ្ជូន​ក្រៅ​ប្រព័ន្ធ​ម៉ូតូ​កង់បី កាលពី​ឆ្នាំ​២០១៧ បាន​ជួយគ្នា​ទៅវិញ​ទៅមក ប្រមាណ ២០០លាន​រៀល​ផងដែរ។

អ្នករត់ម៉ូតូកង់បី ក្នុងរាជធានីភ្នំពេញ

សូម​ជម្រាប​ថា កម្មវិធី​ខាងលើ​នេះ​រៀបចំ​ឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​រួមរបស់​ក្រសួង​សាធាណការ និងដឹក​ជញ្ជូន រួម​សហការ​ជាមួយ ក្រុមហ៊ុន​សូគីមិច ក្រុមហ៊ុនGrab អង្គការUNDP សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​សមាគម​រួមគ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ដើម្បី​គំាទ្រ​ដល់​សមាជិក​សមាជិកា​សមាគម​រួមគ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ​ដែល​កំពុង​ប្រកប​របរ​ដឹក​ជញ្ជូន​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ(អ្នករត់​ម៉ូតូកង់បី) និង​ផ្តោត​ជា​សំខាន់​លើការ​គិតគូរ​ពីផល​ប្រយោជន៍ សុវត្ថិភាព​ចរាចរណ៍ ការ​ដឹកជញ្ជូន សោភ័ណ​ភាព និង​សេចក្តី​ថ្លៃថ្នូរ​របស់​បងប្អូន​​ដែល​​ប្រកប​របរនេះ៕

ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;