ក្មេងៗថៃដែលទើបរកឃើញកាលពីយប់មិញ អាចនឹងត្រូវបន្តនៅក្នុងរូងរយៈពេលយូរ
- 2018-07-03 03:19:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្មេងៗថៃដែលទើបរកឃើញកាលពីយប់មិញ អាចនឹងត្រូវបន្តនៅក្នុងរូងរយៈពេលយូរ
ចន្លោះមិនឃើញ
ក្មេងៗទាំង១២រូប រួមទាំងគ្រូបង្វឹករបស់ពួកគេដែលបានជាប់គាំងនៅក្នុងល្អាងភ្នំថៃ នឹងត្រូវផ្ដល់ឲ្យនូវការផ្គត់ផ្គង់អាហារ និងបង្រៀនហែលទឹករយៈពេល ៤ ខែសិន មុននឹងអាចចេញមកក្រៅបាន។ នេះបើតាមបញ្ជាក់របស់យោធាថៃនៅថ្ងៃទី០៣កក្កដា ឆ្នាំ២០១៨នេះ។
«យើងនឹងធ្វើការរៀបចំបញ្ជូនអាហារបន្ថែម ដែលត្រូវបានបន្តយ៉ាងហោចណាស់រយៈពេល ៤ ខែ ព្រមទាំងបង្ហាត់កីឡាករបាល់ទាត់ទាំង ១៣ រូបនោះ ឲ្យចេះច្រមុជទឹក ខណៈដែលទឹកនៅតែបន្តជន់លិចយ៉ាងខ្លាំងនៅក្នុងល្អាង។» នេះបើការឲ្យដឹងពីប្រធានកងទ័ពជើងទឹកថៃ លោក Anand Surawan នៅក្នុងសេចក្តីថ្លែងការណ៍ ពីកងទ័ពប្រដាប់អាវុធថៃ។
ជាមួយគ្នានេះ អ្នកចាត់ចែងប្រតិបត្តិការសង្គ្រោះអាមេរិក លោក Anmar Mirza បាននិយាយថា ការសម្រេចចិត្តជាបឋមនោះ គឺគួរតែព្យាយាមជម្លៀសពួកគេចេញពីល្អាងភ្នំ ឬក៏ផ្គត់ផ្គង់អាហារដល់ពួកគេនៅនឹងកន្លែង។
លោក បានបន្តទៀតថា «ការផ្គត់ផ្គង់អាហារដល់ពួកគេនៅក្នុងល្អាងភ្នំ អាចនឹងប្រឈមមុខនឹងឧបសគ្គជាច្រើន ពោលគឺអាស្រ័យថាតើការច្រមុជទឹកនៅក្នុងល្អាងពិបាកដល់កម្រិតណា។» លោក បន្ត «ការព្យាយាមជម្លៀសអ្នកដែលមិនចេះច្រមុជទឹកចេញពីល្អាងភ្នំ គឺជាវិធីមួយដែលគ្រោះថ្នាក់បំផុត បើទោះបីជាការច្រមុជទឹក មិនសូវពិបាកក្តី។»
លោក Anmar បន្ថែមទៀតថា «បើសិនជាការច្រមុជទឹកពិតជាពិបាក នោះការផ្គត់ផ្គង់អាហារ ក៏រឹតតែពិបាកទៅទៀត ប៉ុន្តែហានិភ័យនៃការព្យាយាមរំដោះក្មេងៗទាំងនោះចេញពីល្អាង រឹងរឹតតែខ្ពស់ទៅទៀត»។
គួរបញ្ជាក់ថា ក្មេងៗទាំង១២នាក់ ព្រមទាំងគ្រូបង្វឹករបស់ពួកគេ ត្រូវបានរកឃើញនៅក្នុងល្អាងភ្នំ ថាមលួង កាលពីយប់ថ្ងៃទី០២ កក្កដា ដោយពួកគេនៅមានជីវិតនៅឡើយ៕