សមត្ថកិច្ច​បង្ក្រាប​ទីតាំង​ស្តុក និង​ចែកចាយ​ទឹកដោះ​គោ​ម៉ាក Meiji ខុស​ច្បាប់

  • 2018-07-04 07:42:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ក្រសួង​មហាផ្ទៃ ​បាន​ចុះ​ត្រួត​ពិនិត្យ​ទីតាំង​ឃ្លាំង​របស់​ក្រុមហ៊ុន​ នួនហ៊្វូត ខូ អិលធីឌី (Noun Food Co., Ltd.) សង្ស័យ​ស្តុក​ទុក​ខុសច្បាប់ និង​លួច​ចែកចាយ​ទឹកដោះ​គោ​ម៉ាក Meiji​ ដោយ​ដឹក​ជញ្ជូន​តាម​រថយន្ត​គ្រប​តង់​គ្មាន​ប្រព័ន្ធ​ទូ​ត្រជាក់ (Chill Container) បណ្ដាល​ឲ្យ​ប៉ះពាល់​សុខភាព​អ្នក​ទទួល​ទាន​។

សមត្ថកិច្ច​ បង្ក្រាបទីតាំង​ស្តុកទុក និងលួចចែកចាយទឹកដោះគោម៉ាក Meiji នៅទីតាំង​ឃ្លាំង ស្ថិត​នៅ​ផ្ទះ​លេខ​៩៧ ផ្លូវ ៦ CC សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ (រូបថត៖ ដើមអម្ពិល)
ការ​បង្ក្រាប​ខាង​លើ ត្រូវ​ធ្វើឡើង​ក្រោម​ការ​បញ្ជា​ផ្ទាល់​របស់​លោក​ឧត្ដមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែ​កក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​១:៣០នាទី កម្លាំង​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​កម្មសិទ្ធិ​បញ្ញា ក្រោម​ការ​សម្របសម្រួល នីតិវិធី​ពី​លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​​ទីតាំង​ឃ្លាំង ស្ថិត​នៅ​ផ្ទះ​លេខ​៩៧ ផ្លូវ ៦ CC សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។

សមត្ថកិច្ច​រកឃើញ​ថា ទីតាំង​ខាងលើ បាន​ចែកចាយ​ដោយ​ខុសច្បាប់ ពោល​គឺ​រំលោភ​សិទ្ធិ​ផ្តាច់​មុខ​របស់​ក្រុមហ៊ុន សូណាវីទ្យ ។

ប្រតិបត្តិការ​នេះ ធ្វើឡើង​ដោយ​យោង​តាម​ពាក្យ​បណ្តឹង​របស់​ក្រុមហ៊ុន សូណាវីទ្យ ដែល​ជា​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​ចែកចាយ​ផ្តាច់មុខ នូវ​ផលិតផល​ទឹកដោះ​គោម៉ាក Meiji  និង​យ៉ាអួ Meiji ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​មាន​ការ​ចុះ​បញ្ជី​ត្រឹមត្រូវ ។

ក្រោយពី​ការ​ត្រួតពិនិត្យ សមត្ថកិច្ច​បាន​រកឃើញ​នូវ​សម្ភារ វត្ថុតាង​មួយ​ចំនួន​រួមមាន៖ យ៉ាអួរ ម៉ាក Meiji ចំនួន ៥៤០កំប៉ុង, ទឹកដោះគោម៉ាក Meiji ចំណុះ២០០០​មីល្លីលីត្រ  ចំនួន ៧១២​ដប, ទឹក​ដោះ​គោ​ម៉ាក Meiji ចំណុះ ៨៣០​មីល្លីលីត្រ ចំនួន ៣៤​ដប និង​សម្ភារៈ​មួយ​ចំនួន​ទៀត។ វត្ថុ​តាង ​ត្រូវបាន​ដកហូត​យក​ទៅ​រក្សា​ទុក​ជា​បណ្តោះអាសន្ន និង​តម្រូវ​ឲ្យ​ម្ចាស់​ទីតាំង ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ដើម្បី​បន្ត​នីតិវិធី​៕

សមត្ថកិច្ចពិនិត្យរថយន្តដឹកចែកចាយទឹកដោះគោខុសច្បាប់ (រូបថត៖ ដើមអម្ពិល)
វត្ថុតាងនានាដែលត្រូវបានរឹបអូស (រូបថត៖ ដើមអម្ពិល)

ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;