សង្គ្រាម​ពាណិជ្ជកម្ម​ចិន-អាមេរិក ឈាន​ដល់​ការ​អនុវត្ត​ជាក់ស្ដែង​ហើយ នៅ​យប់​នេះ

  • 2018-07-05 04:07:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជាច្រើន​ខែ​ក្រោយ​ការ​គំរាម​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​អាមេរិក​ជា​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ទី១ និង​ចិន​ជា​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ទី២ នៅ​ពាក់​កណ្ដាល​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី៦ ខែ​កក្កដា ២០១៨​នេះ វិធានការ​ពន្ធ​ដែល​មាន​ទំហំ​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ​របស់​អាមេរិក លើ​ទំនិញ​របស់​ចិន នឹង​ចូល​ជា​ធរមាន​ហើយ។

លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក ជួបជាមួយ​លោក ស៊ី ជីងពីង នាពេល​កន្លង​មក (រូបភាព៖ Reuters)

វិធានការ​ពន្ធ​ដែល​ត្រូវ​ចូល​ជា​ធរមាន​នៅ​ពាក់​កណ្ដាល​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី៦ ខែ​កក្កដា ២០១៨​នេះ

លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក​បាន​គំរាម​ដំឡើង​ពន្ធ ២៥% លើ​ទំនិញ​នាំចូល​របស់​ចិន ដែល​មាន​ទំហំ​ទឹកប្រាក់​សរុប ៥០​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ប៉ុន្តែ​តាម​បញ្ជី មាន​តែ​ទំនិញ ៨១៨​មុខ ដែល​មាន​ទំហំ​ទឹកប្រាក់ ៣២​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ ដែល​ត្រូវ​កំណត់​ពន្ធ។ មក​ដល់​ពេល​នេះ អាមេរិក​កំពុង​ពិនិត្យ​លើ​ទំនិញ​ចិន ២៨៤​មុខ​បន្ថែម​ទៀត ដែល​មាន​ទំហំ​ទឹកប្រាក់ ១៦​ពាន់​លាន​ដុល្លារ ដើម្បី​កំណត់​ពន្ធ​បន្ថែម ដែល​សរុប​ទាំង​អស់ គឺ​ជិត ៥០​ពាន់​លាន​ដុល្លារ ដូច​ការ​លើក​ឡើង​របស់​លោក ត្រាំ។

ប៉ុន្ដែ​ជាមួយ​គ្នា​នេះ ក្រុង​ប៉េកាំង​ក៏​បាន​ប្រកាស​សងសឹក​អាមេរិក​វិញ​ផង​ដែរ ដោយ​ចាត់​វិធានការ​ពន្ធ​ប្រឆាំង​នឹង​វិធានការ​ពន្ធ​របស់​អាមេរិក។ ចិន​បាន​ប្រកាស​កំណត់​ពន្ធ​លើ​ទំនិញ​នាំចូល​របស់​អាមេរិក ដែល​មាន​ទំហំ​ទឹកប្រាក់ ៣០​ពាន់​លាន​ដុល្លារ។ វិធានការ​ពន្ធ​នេះ នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី៦ ខែ​កក្កដា ២០១៨ ស្អែក​នេះ​ផង​ដែរ។

ជាង​នេះ​ទៅ​ទៀត មហាយក្ស​ចិន​ក៏​គ្រោង​ចាត់​វិធានការ​ពន្ធ​ដែល​មាន​ទំហំ​ទឹកប្រាក់ ១៥​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​លើ​ការ​នាំចូល​ប្រេងឆៅ និង​សារធាតុ​គីមី​របស់​អាមេរិក​ផង​ដែរ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

;