គ.ជ.ប ហាមគណបក្ស មិនឱ្យប្រៀបធៀបគោលនយោបាយគ្នា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត
- 2018-07-05 08:54:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ.ជ.ប ហាមគណបក្ស មិនឱ្យប្រៀបធៀបគោលនយោបាយគ្នា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត
ចន្លោះមិនឃើញ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ហាមផ្ដាច់មិនឲ្យមានការទិតៀន រិះគន់ វាយប្រហារ ឬប្រៀបធៀបគោលនយោបាយបក្សរបស់ខ្លួន ទៅនឹងគណបក្សនយោបាយណាផ្សេងទៀតឡើយ។ បម្រាមនេះ ធ្វើឡើងក្រោយពេលដែល គ.ជ.ប បានកោះហៅភាគីពាក់ព័ន្ធ ទៅពន្យល់អំពីគោលការណ៍នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត កាលពីព្រឹកថ្ងៃទី៤ កក្កដា នៅទីស្ដីការគ.ជ.ប ក្នុងបរិវេណក្រសួងមហាផ្ទៃ។
គ.ជ.ប បានប្រាប់ទៅភាគីពាក់ព័ន្ធថា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនេះ គ្រប់គណបក្សនយោបាយ គឺអាចធ្វើការឃោសនាបានតាមរយៈមេក្រូ ធុងបាស សម្រែកជ័យឃោសគ្រប់បែបយ៉ាងតាមដងផ្លូវ។
អ្នកនាំពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា ប្រៀបធៀបថា យុទ្ធនាការឃោសនាបោះឆ្នោតនេះ គឺដូចការផ្សាយពាណិជ្ជកម្មអ៊ីចឹង បានត្រឹមតែផ្សព្វផ្សាយពីផលិតផល ឬសេវាកម្មល្អៗរបស់ខ្លួនឯងតែប៉ុណ្ណោះ។ ទន្ទឹមនឹងលោកក៏បានព្រមានដែរថា ប្រសិនបើគណបក្សនយោបាយណាមួយ ប្រព្រឹត្តិខុសពីការណែនាំនេះ គ.ជ.បនឹងដាក់ពិន័យដល់គណបក្សនយោបាយនោះ។
គួររំលឹកថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឱ្យគណបក្សនយោបាយ និងបេក្ខជនទាំងអស់ គោរពគ្នាទៅវិញទៅមក កុំប្រើពាក្យអសុរោះ បន្តុះបង្អាប់គ្នា ដោយស្នើឱ្យតែឃោសនាអំពីគណបក្សរបស់ខ្លួនប៉ុណ្ណោះ ក្នុងអំឡុងថ្ងៃឃោសនាបោះឆ្នោតចាប់ពីថ្ងៃទី៧ ខែកក្កដាខាងមុខនេះទៅ៕