កម្ពុជា នឹងធ្វើពិធីរំលឹកខួបនៃការដាក់បញ្ចូលប្រាសាទព្រះវិហារ-សំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
- 2018-07-05 10:15:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា នឹងធ្វើពិធីរំលឹកខួបនៃការដាក់បញ្ចូលប្រាសាទព្រះវិហារ-សំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
ចន្លោះមិនឃើញ
ដើម្បីអបអរសាទរខួបលើកទី១០ និងខួបលើកទី១ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក រាជរដ្ឋាភិបាលកម្ពុជា នឹងប្រារព្ធពិធីជួបជុំនាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។ ដំណឹងនៃការរៀបចំពិធីជួបជុំអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រទាំងពីរនេះ ត្រូវបានប្រកាសក្នុងសន្និសីទកាសែត នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨។
លោក សោម រតនា មន្ត្រីសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានលើកឡើងថា ការរៀបចំព្រឹត្តិការណ៍វប្បធម៌ជាតិដ៏ធំនេះ នឹងត្រូវចាប់ផ្តើមធ្វើឡើងនៅម៉ោង ៤រសៀល នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ក្នុងនោះ នឹងមានការសម្តែងរបាំ សន្ទរកថា ការបង្ហាញវីដេអូឯកសារស្តីពីប្រវត្តិកិច្ចសហប្រតិបត្តិការ និងសកម្មភាពការពារ អភិរក្សប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក ព្រមទាំងសុន្ទរកថាគន្លឹះ និងមតិសំណេះសំណាលរបស់សម្តេច ហ៊ុន សែន ផងដែរ។
ការរៀបចំពិធីនេះ គឺក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង បង្កើនការស្រឡាញ់ ការពារសម្បតិ្តបេតិកភណ្ឌវប្បធម៌ជាតិ និងជំរុញឱ្យមានការចូលរួម ដោយការទទួលខុសត្រូវរបស់យុវជន ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍវប្បធម៌ ដោយមិនប្រកាន់និន្នាការនយោបាយ ជំនឿសាសនា និងពណ៌សម្បុរឡើយ។
លោក ហាប់ ទូច អគ្គនាយកបច្ចេកទេស នៃក្រសួងវប្បធម៌ ត្រូវបានវិបសាយ Sabay ដកស្រង់សម្តីដែលលោកបានថ្លែងក្នុងសន្និសីទនេះថា វត្តអារាមនៅទូទាំងប្រទេសត្រូវបានកំណត់ឱ្យទូងស្គរក្នុងពេលតែមួយ វេលាម៉ោង៩ព្រឹកថ្ងៃទី១៥កក្កដា ដើម្បីឲ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានដឹង និងស្វែងយល់កាន់តែច្បាស់អំពីប្រាសាទខ្មែរដែលបានចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក។ វត្តនិរោធ ដែលស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នឹងត្រូវយកធ្វើជាគោលដៅនៃការផ្សព្វផ្សាយ។
សូមរំលឹកថា ប្រាសាទព្រះវិហារ ដែលស្ថិតនៅលើកំពូលភ្នំដងរែក ជាប់ព្រំដែនថៃ ក្នុងខេត្តព្រះវិហារ ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌរបស់អង្គការយូណេស្កូ សម្រេចចុះបញ្ជីជាសម្បតិ្តបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។ ចំណែក ប្រាសាទសំបូរព្រៃគុក ក្នុងខេត្តកំពង់ធំ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។ រាជរដ្ឋាភិបាល បានសម្រេចយកថ្ងៃទី១៥ ខែកក្កដា ជារៀងរាល់ឆ្នាំ ជាទិវាជាតិរំលឹកខួបថ្ងៃដាក់បញ្ចូលប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក៕