Ronaldo, Klopp, Stones ផ្ញើសារ​ដល់​ក្មេងៗ​ដែល​កំពុង​ជាប់​ក្នុង​ល្អាង​ភ្នំ​ នៅ​ថៃ

  • 2018-07-07 03:26:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​បាល់ទាត់​ជុំវិញ​ពិភពលោក បាន​ផ្ញើសារ​លើក​ទឹកចិត្ត​ដល់​ក្មេង​ៗ១២​នាក់ និង​គ្រូ​បង្វឹក​ម្នាក់ ដែល​កំពុង​ជាប់​ក្នុង​ល្អាង​ភ្នំ​ថាម​ហ្លួង​ នៅ​ខេត្ត​ឈៀងរ៉ៃ ប្រទេស​ថៃ ឲ្យ​មាន​ការ​អត់ធ្មត់ រឹងមាំ ស្របពេល​ដែល​ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​ព្យាយាម​ជួយ​ពួកគេ​ចេញ​ពី​ក្នុង​ល្អាង​ភ្នំ​នោះ។

Ronaldo ប្រេស៊ីល (រូបថត៖ The Telegraph)
Ronaldo អតីត​វីរបុរស​របស់​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល បាន​និយាយ​ក្នុង​ព្រឹត្តិការណ៍​សារព័ត៌មាន​របស់ FIFA មួយ​ថា៖ ***«នេះ​ជា​ដំណឹង​ដ៏​អាក្រក់​មួយ ហើយ​ពិភព​បាល់ទាត់​ទាំងមូល សង្ឃឹម​ថា នរណា​ម្នាក់​នឹង​អាច​ជួយ​ពួកគេ​ចេញ​ពី​ទីនោះ​បាន»***។
លោក Klopp អ្នកចាំការក្លឹប Liverpool (រូបថត៖ Reuters)

ចំណែក លោក Jurgen Klopp អ្នកចាត់ការ​ក្លឹប​បាល់ទាត់ Liverpool បាន​ផ្ញើសារ​ថា៖ «You'll never walk alone» ដែល​គេ​តែងតែ​ឮ​ចេញ​ពី​មាត់​អ្នក​គាំទ្រ​របស់​ក្រុម​ហង្សក្រហម។ លោក​បន្ត​ថា៖ «ត្រូវ​រឹងមាំ​ឡើង ហើយ​ត្រូវ​ដឹង​ថា ពួក​យើង​នៅ​ជា​មួយ​អ្នក​ជា​និច្ច»

រីឯ John Stones កីឡាករ​របស់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស បាន​បង្ហើប​ថា គេ​និង​មិត្តរួមក្រុម​បាន​និយាយ​គ្នា​ពី​បញ្ហា​នៅ​ថៃ​នេះ មុន​វគ្គ៨​ក្រុម​ចុងក្រោយ នៅ World Cup 2018 ទល់​នឹង​ស៊ុយអែត។ «ខ្ញុំ​បាន​និយាយ​រឿង​នេះ​ជាមួយ​បងប្អូន​​យើង​ដទៃ​ទៀត... វា​ជា​រឿង​ដ៏​គួរ​ឲ្យ​សោកស្ដាយ សម្រាប់​ពួកគេ ហើយ​ពួកយើង​សង្ឃឹម​ថា ពួកគេ​នឹង​អាច​ចេញ​មក​ក្រៅ​ (ល្អាង​ភ្នំ) វិញ​ដោយ​សុវត្ថិភាព»

ចំពោះ សហព័ន្ធ​កីឡា​បាល់ទាត់​ក្រូអាត​បាន​បង្ហោះ​នៅ​លើ​វេបសាយ​របស់​ខ្លួន​ថា៖ «ពួកយើង​មាន​ការ​ភ្ញាក់ផ្អើល​នឹង​ភាព​រឹងមាំ និង​សេចក្ដី​ក្លាហាន​របស់​ក្មេងៗ និង​គ្រូបង្វឹក​របស់​ពួកគេ ដែល​បាន​បង្ហាញ​ឲ្យ​យើង​បាន​ឃើញ​ក្នុង​ស្ថានភាព​ដ៏​គួរ​ឲ្យ​ភ័យខ្លាច​មួយ​នេះ... នេះ​ជា​ស្ថានភាព​ដែល​សំខាន់​ជាង​កីឡា​ទៅ​ទៀត ប៉ុន្តែ​បទ​ពិសោធ​ក្នុង​វិស័យ​កីឡា​របស់​ពួកគេ​នឹង​ជួយ​ពួកគេ​ឲ្យ​ស៊ូទ្រាំ​នឹង​ភាព​លំបាក​នេះ​បាន​»

គួរ​រំឭក​ថា តាម​លិខិត​របស់​សហព័ន្ធ​បាល់ទាត់​ពិភព​លោក (FIFA) កាលពីពេលថ្មីៗកន្លងទៅ លោក Gianni Infantino ប្រធាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA ​អញ្ជើញ​ក្មេងៗ​កីឡាករ ១២​នាក់ និង​គ្រូបង្វឹក​ពួកគេ ដែល​កំពុង​ជាប់ខ្លួន​ក្នុង​ល្អាងភ្នំ​ថាមហ្លួង ឲ្យចូល​ទស្សនា​ការ​ប្រកួត​បាល់ទាត់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ World Cup 2018 នៅ​ប្រទេស​រុស្ស៊ី ប្រសិន​បើពួកគេ​អាច​ចេញពី​ល្អាងភ្នំ​នោះ​ទាន់ពេល។

ក្មេងៗ និង​គ្រូ​បង្វឹក​ដែល​ជាប់​ក្នុង​ល្អាងភ្នំ បាន​បង្កើត​ក្រុម​បាល់ទាត់​ដែល​មាន​ឈ្មោះ​ថា "Wild Boars” ។ អ្នក​ទាំង​១៣ បាន​ជាប់​ក្នុង​ល្អាង​ភ្នំ កាលពី​ថ្ងៃ​ទី២៣ ខែ​មិថុនា ឆ្នាំ​២០១៨​៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;