លោក ពូទីន សាទរលោកម៉ាក្រុង ដែល​បារាំង​ឈាន​ដល់វគ្គផ្តាច់ព្រ័ត្រ​ World Cup

  • 2018-07-11 02:18:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀ ពូទីន បាន​អបអរសាទរ​លោក​ប្រធានាធិបតី​បារាំង​ អេម៉ានួអែល​ ម៉ាក្រុង ដែល​ក្រុម​ជម្រើស​ជាតិ​បារាំង បាន​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក កាល​ពី​យប់​ថ្ងៃ​អង្គារ​ម្សិលមិញ និង​ឈាន​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ WorldCup។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​វិមាន Kremlin នៅ​ថ្ងៃ​ទី ១១ ​កក្កដា ឆ្នាំ​២០១៨។

លោក ម៉ាក្រុង(ស្តាំ) ជាមួយ​នឹង​ស្តេច Philippe នៃ​ប្រទេស បែលហ្សិក អម​ដោយ​ម្ចាស់ក្សត្រី Mathildeក្នុង​អំឡុង​ការប្រកួត​រវាង​បារាំង​ និង​បែលហ្សិក​កាល​ពី​យប់​មិញ នៅកីឡដ្ឋាន Petersburg ។ រូបភាព៖ AP
សារព័ត៌មាន​ខាង​លើ​បាន​ដកស្រង់​ចេញ​ពី​សេចក្ដីថ្លែងការណ៍​ដូច្នេះ​ថា «ភ្លាមៗ​ក្រោយ​ពី​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ រវាង​បារាំង​និង​បែលហ្សិក លោក​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បាន​ហៅ​ទូរសព្ទ​ទៅ​កាន់​លោក​ប្រធានាធិបតី​បារាំង អេម៉ានួអែល​ ម៉ាក្រុង ដែល​បាន​ចូល​រួម​ទស្សនា​ការ​ប្រកួត​នោះ​។ លោក ពូទីន បាន​ថ្លែង​សាទរ​ដល់​លោក​ម៉ាក្រុង និង​អ្នក​គាំទ្រ​ក្រុម​ជម្រើស​ជាតិ​បារាំង​ទាំង​អស់ ចំពោះ​ជ័យជំនះ​របស់​ពួក​គេ និង​ការ​ឈាន​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រWorldCup»។

ជាមួយ​គ្នា​នេះ លោក ម៉ាក្រុង ​បាន​សរសេរ​នៅ​ក្នុង​គណនី​ Twitter ផ្ទាល់​ខ្លួន​របស់​លោក​ថា បារាំង​បាន​ឈាន​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ។ ជួប​គ្នា​នៅ​យប់​ថ្ងៃ​ទី១៥ ​កក្កដា​ខាងមុខ​ ដើម្បី​ដណ្ដើម​ពានWorldCupឡើង​វិញ។

គួរ​បញ្ជាក់​ថា ក្រុម​ជម្រើស​ជាតិ​បារាំង បាន​ឈ្នះ​ក្រុម​ជម្រើស​បែលហ្សិក ដោយ​លទ្ធផល ១-០ កាលពី​យប់​មិញ​នេះ៕

ប្រភព៖ TASS ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;