ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​មួយទៀត​របស់​កម្ពុជា ចាប់​ផ្ដើម​ហោះហើរ​លើក​ដំបូង

  • 2018-07-11 07:45:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​មួយទៀត​របស់​កម្ពុជា គឺ កម្ពុជា​អ៊ែវ៉េ ឬ Cambodia Airways បាន​ចាប់​ផ្ដើម​ហោះហើរ​ជា​លើក​ដំបូង​ កាលពី​ថ្ងៃ​ទី១០ ខែកក្កដា​ ឆ្នាំ២០១៨។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ក្រុមហ៊ុន។

ជើងហោះហើរ​ដំបូង​ដំបូង​របស់ Cambodia Airways គឺ KR801 បាន​ហោះ​ចេញ​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ វេលា​ម៉ោង ៩:៥០នាទី​ព្រឹក ទៅ​កាន់​ខេត្ត​សៀមរាប ដោយ​មាន​អ្នក​ដំណើរ ១៥០នាក់ នៅ​លើ​យន្តហោះ Airbus A319។

Cambodia Airways នឹង​ធ្វើ​ការ​ហោះហើរ​ជារៀងរាល់​ថ្ងៃ ពី​ភ្នំពេញ ទៅ​កាន់​ខេត្ត​សៀមរាប និង​៣ថ្ងៃ​ក្នុង​មួយស​ប្ដាហ៍ ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ ចាប់ពី​ថ្ងៃ​ទី១០ ខែកក្កដា​។ ក្រុមហ៊ុន​នេះ នឹង​ចាប់​ផ្ដើម​ហោះហើរ​ជា​អន្តរជាតិ​លើក​ដំបូង ទៅ​កាន់​ទីក្រុង​ម៉ាកាវ​ ប្រទេស​ចិន នៅ​ថ្ងៃ​ទី២១ ខែកក្កដា ឆ្នាំ២០១៨ ដែល​រួមមាន ជើងហោះហើរ សៀមរាប - ម៉ាកាវ (៣ថ្ងៃ ក្នុង​១សប្ដាហ៍) ភ្នំពេញ​ - ម៉ាកាវ (៤ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍) និង ព្រះសីហនុ - ម៉ាកាវ (៣ថ្ងៃ​ក្នុង​មួយសប្ដាហ៍)។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ដដែល ក្រុមហ៊ុន​បញ្ជាក់ថា ទៅថ្ងៃអនាគត Cambodia Airways គ្រោង​នឹង​បង្កើន​ជើងហោះហើរ​របស់​ខ្លួន​ ទៅកាន់​ប្រទេស​មួយចំនួនទៀត ដូចជា កូរ៉េខាងត្បូង ជប៉ុន ចិន ហុងកុង និង​តៃវ៉ាន់ជាដើម។

សូមបញ្ជាក់ថា Cambodia Airways ជា​ក្រុមហ៊ុន​អាកាសចរណ៍​របស់​កម្ពុជា ដែល​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​មួយ​របស់​ Prince International Airlines Company Limited (PIA)៕

ចុចអាន​អត្ថបទ​ទាក់ទង៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;