អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប្រាប់ពីចំនួនជើងហោះហើរក្នុង១ថ្ងៃៗ
- 2018-07-12 07:05:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប្រាប់ពីចំនួនជើងហោះហើរក្នុង១ថ្ងៃៗ
ចន្លោះមិនឃើញ
លោកស្រី Chloe Lapeyre បានឲ្យដឹងកាលពីថ្ងៃទី១០កក្កដាកន្លងទៅថា សព្វថ្ងៃនេះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានជើងហោះហើរចាប់ពី ៧០ ទៅ ៩០ជើង ក្នុង១ថ្ងៃៗ។
លោកស្រីនាយិកាគ្រប់គ្រងទូទៅនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបញ្ជាក់ថា កំណើននៃការធ្វើដំណើរតាមអាកាស មានការរីកលូតលាស់យ៉ាងឆាប់រហ័ស ដោយនៅដើមឆ្នាំ២០១៨ នេះ មានការកើនឡើងប្រមាណជា ៣០%ហើយ។ លោកស្រី Lapeyre បានបន្តថា បើគិតត្រឹមខែកក្កដា ឆ្នាំ២០១៨ ក្រុមហ៊ុនអាកាសចរណ៍ ដែលផ្ដល់ជើងហោះហើរនៅក្នុងស្រុក មានចំនួនតែ ៦ក្រុមហ៊ុនប៉ុណ្ណោះ ហើយក្នុងនោះការហោះហើរមានពី ៧ ទៅ ១០ជើងក្នុង១ថ្ងៃ ឬស្មើនឹង ១០% នៃជើងហោះហើរសរុប។
សូមបញ្ជាក់ថា បើយោងតាមរបាយការណ៍រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា នាពេលបច្ចុប្បន្ន កម្ពុជាមានអាកាសយានដ្ឋានអន្តរជាតិចំនួន ៣ ដែលកំពុងដំណើរការ ដូចជា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។ ប្រភពដដែល បានឲ្យដឹងទៀតថា នៅក្នុងឆ្នាំ២០១៨ រដ្ឋាភិបាលបានអនុញ្ញាតឲ្យមានការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីចំនួន ៣ បន្ថែមទៀត គឺនៅខេត្តកណ្ដាល ខេត្តសៀមរាប និងខេត្តកោះកុង។ អាកាសយានដ្ឋានទាំង៣នេះ ធ្វើឡើងតាមរយៈការចូលរួមភាពជាដៃគូរវាងរដ្ឋ និងក្រុមហ៊ុនឯកជន៕