អគ្គមេបញ្ជាការស្តីទី បែងចែកភារកិច្ចដល់ថ្នាក់ដឹកនាំ អគ្គបញ្ជាការដ្ឋាន និងសេនាធិការចម្រុះ
- 2018-07-12 07:59:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អគ្គមេបញ្ជាការស្តីទី បែងចែកភារកិច្ចដល់ថ្នាក់ដឹកនាំ អគ្គបញ្ជាការដ្ឋាន និងសេនាធិការចម្រុះ
ចន្លោះមិនឃើញ
លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទី នៃកងយោធពលខេមរភូមិន្ទ បានចេញសេចក្តីសម្រេចបែងចែកភារកិច្ចទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន និងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ចំនួន ១៥រូប។
សេចក្តីសម្រេចដែលចុះហត្ថលេខាដោយនាយឧត្តមសេនីយ៍ សៅ សុខា កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ ដែលធ្លាក់ដល់ដៃអ្នកកាសែតកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ ឱ្យដឹងថា ថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន និងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទចំនួន ១៥រូប ដែលត្រូវបែងចែកភារកិច្ចទទួលខុសត្រូវរួមមានដូចជា៖
១. នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទី ជាអ្នកមានសមត្ថកិច្ចក្នុងការបញ្ជាកងយោធពលទាំងមូល និងជាអ្នកទទួលខុសត្រូវចាត់តាំងអនុវត្តភារកិច្ចការពារជាតិរបស់រាជរដ្ឋាភិបាល ហើយមានភារកិច្ចដឹកនាំ បញ្ជា គ្រប់គ្រងដោយផ្ទាល់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងទទួលផ្ទាល់លើការងារខុទ្ទកាល័យ ទីចាត់ការបុគ្គលិក នាយកដ្ឋានស្រាវជ្រាវចារកិច្ច ទីចាត់ការហិរញ្ញវត្ថុ និងការងារអធិការដ្ឋាន។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយស្តីទីសេនាធិការចម្រុះ មេបញ្ជាការស្តីទីកងទ័ពជើងគោក មានភារកិច្ចជួយអគ្គមេបញ្ជាការស្តីទីលើការងារដឹកនាំ បញ្ជា និងគ្រប់គ្រងកងទ័ពជើងគោក។
២. នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស មានភារកិច្ចជួយអគ្គមេបញ្ជាការស្តីទី លើការងារដឹកនាំបញ្ជា និងគ្រប់គ្រងបញ្ជាការដ្ឋានអង្គរក្ស។
៣. នាយឧត្តមនាវី អ៊ុង សំខាន់ អគ្គមេបញ្ជាការរង មានភារកិច្ចជួយអគ្គមេបញ្ជាការស្តីទី លើការងារបញ្ជូនសារ និងបំភ័ន្តអក្ខរៈ។
៤. នាយឧត្តមសេនីយ៍ គៀង សាវុធ អគ្គមេបញ្ជាការរង មានភារកិច្ចជួយអគ្គមេបញ្ជាការស្តីទី លើការងារមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធយោធា។
៥. នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយកទីចាត់ការហ្វឹកហ្វឺន មានភារកិច្ចជួយអគ្គមេបញ្ជាការស្តីទី លើការងារហ្វឹកហ្វឺន និងអប់រំ ព្រមទាំងជួយការងារដល់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយស្តីទីសេនាធិការចម្រុះ ក្នុងពេលដែលកំពុងបំពេញបេសកកកម្ម។
៦. នាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរង មានភារកិច្ចជួយអគ្គមេបញ្ជាការស្តីទី លើការងារទំនាក់ទំនងសាធារណៈ។
៧. នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង មានភារកិច្ចជួយអគ្គមេបញ្ជាការស្តីទី លើការងារសេនាធិការដ្ឋានកងអន្តរាគមន៍។
៨. នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន អគ្គមេបញ្ជាការរង មានភារកិច្ចជួយអគ្គមេបញ្ជាការស្តីទី លើការងារព្រំដែន។
៩. នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង មេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្ម មានភារកិច្ចជួយអគ្គមេបញ្ជាការស្តីទី លើការងារដឹកនាំ បញ្ជា និងគ្រប់គ្រងបញ្ជាការដ្ឋានវិស្វកម្ម។
១០. នាយឧត្តមសេនីយ៍ ម៉ី មនដារី អគ្គមេបញ្ជាការរង មានភារកិច្ចជួយអគ្គមេបញ្ជាការស្តីទី លើការងារសុខាភិបាល និងការងារយេនឌ័រ។
១១. នាយឧត្តមសេនីយ៍ អ៊ុយ សារិន្ទ អគ្គមេបញ្ជាការរង មានភារកិច្ចជួយអគ្គមេបញ្ជាការស្តីទី លើការងារអភិវឌ្ឍន៍។
១២.នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងអាកាស មានភារកិច្ចជួយអគ្គមេបញ្ជាការស្តីទី លើការងារដឹកនាំ បញ្ជា និងគ្រប់គ្រងកងទ័ពជើងអាកាស និងបញ្ជាការដ្ឋានការពារអាកាស។
១៣. នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងទឹក មានភារកិច្ចជួយអគ្គមេបញ្ជាការស្តីទី លើការងារដឹកនាំ បញ្ជា និងគ្រប់គ្រងកងទ័ពជើងទឹក។
១៤. នាយឧត្តមសេនីយ៍ វង្ស វាសនា អគ្គមេបញ្ជាការរង នាយកទីចាត់ការកលយុទ្ធ មានភារកិច្ចជួយអគ្គមេបញ្ជាការស្តីទី លើការងារផែនការ និងប្រតិបត្តិការសឹក។
១៥. នាយឧត្តមសេនីយ៍ ណុប រតនា អគ្គមេបញ្ជាការរង មេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ មានភារកិច្ចជួយអគ្គមេបញ្ជាការស្តីទី លើការងារដឹកនាំ បញ្ជា និងគ្រប់គ្រងបញ្ជាការដ្ឋានកាំភ្លើងធំ។
ក្រៅពីភារកិច្ចដូចដែលបានបែងចែកខាងលើនេះ នាយស្តីទីសេនាធិការចម្រុះ និងអគ្គមេបញ្ជាការរង ត្រូវទទួលភារកិច្ចបន្ថែមមួយចំនួនទៀត តាមការប្រគល់ពីអគ្គមេបញ្ជាការស្តីទី។
សូមបញ្ជាក់ថា ការបែងចែកភារកិច្ចនេះ គឺបន្ទាប់ពីនាយឧត្តមសេនីយ៍ សៅ សុខា ត្រូវបានប្រគល់ភារកិច្ចធ្វើជាអគ្គមេបញ្ជាការស្ដីទី នៃកងយោធពលខេមរភូមិន្ទ ពីនាយឧត្តមសេនីយ៍ ប៉ុល សារឿន ដែលបានឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្ដ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៦ ខាងមុខនេះ៕