គិត​ត្រឹម​ថ្ងៃនេះ យ៉ាងហោចណាស់ ខេត្តចំនួន ៥ កំពុង​មាន​ជំនន់ទឹកភ្លៀង

  • 2018-07-17 14:34:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក កែវ វី នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងនៅរសៀលថ្ងៃទី១៧ ខែកក្កដាថា ជំនន់ទឹកភ្លៀង បានជន់លិចនៅតំបន់មួយចំនួន ក្នុងខេត្តចំនួន ៥ រួមមាន៖ ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកោះកុង និងខេត្តបាត់ដំបង។ ក្នុងនោះ នៅកំណាត់ផ្លូវជាតិលេខ៤ ក្នុងព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដោយទឹកលិចផ្លូវ មិនអាចធ្វើចរាចរណ៍បានឡើយ។ ចំណែកនៅខេត្តកោះកុង ក្នុងស្រុកស្រែអំបិល មានការជម្លៀសប្រជាជនមួយចំនួន ទៅកាន់ទីទួលសុវត្ថិភាព។

លោក កែវ វី បានមានប្រសាសន៍ថា ជំនន់ទឹកភ្លៀង ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានកើតឡើង ចាប់តាំងពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នៅកំណាត់ផ្លូវជាតិលេខ៤ ចំណុចស្ទឹងសំរោង ក្នុងព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។ ជំនន់​ទឹកភ្លៀង​នេះបាន​កើន​ឡើងខ្លាំង​នៅថ្ងៃ​ទី១៧ កក្កដា​នេះ ដោយលិចកំណាត់ផ្លូវជាតិលេខ៤ ហើយចរាចរណ៍ ត្រូវបិទបណ្តោះអាសន្ន។ អ្នកធ្វើដំណើរត្រូវបានបង្វែរទៅចរាចរណ៍តាមផ្លូវជាតិលេខ៣ ពីខេត្តព្រះសីហនុ មករាជធានីភ្នំពេញ។

លោកបាន​បន្ត​ទៀត​ថា ដោយឡែក នៅខេត្តកោះកុង គិតត្រឹមរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ជំនន់ទឹកភ្លៀង បានលិចលង់តំបន់មួយចំនួន នៅស្រុកមណ្ឌលសីមា ស្រុកស្រែអំបិល និងស្រុកថ្មបាំង។ ក្នុងនោះ មានប្រជាជនមួយចំនួន ត្រូវបានជម្លៀសចេញពីផ្ទះដែលលិចទឹក ទៅកាន់ទីទួលសុវត្ថិភាព នៅក្នុងស្រុកស្រែអំបិល។

ជាមួយគ្នានោះ ជំនន់ទឹកភ្លៀង ក៏បានប៉ះពាល់នៅតំបន់មួយចំនួន ក្នុងខេត្តបាត់ដំបង ដែលលោក កែវ វី លើកឡើងថា ទឹកភ្លៀងបានពេញក្នុងប្រព័ន្ធធារាសាស្ត្រ ហើយអាជ្ញាធរសមត្ថកិច្ច ក៏បានបើកទ្វារទឹក នៅអាងទឹកមួយចំនួន។ នៅខេត្តកំពង់ស្ពឺ ក៏ដូចគ្នា ដោយសារតែភ្លៀងជាប់គ្នាប៉ុន្មានថ្ងៃនេះ ទើបអាជ្ញាធរបើកទ្វារទឹកនៅទំនប់ទឹក ២កន្លែង ហើយនៅទំនប់ ៣ទៀត មិនទាន់បើកទ្វារទឹកទេ ដោយសារតែវាប៉ះពាល់ដល់ស្ទឹងព្រែកត្នោត។

ដោយឡែក នៅខេត្តកំពត ក៏មានការលិចលង់ដោយជំនន់ទឹកភ្លៀងនៅតំបន់ខ្លះ ដោយលោក កែវ វី លើកឡើងថា នៅថ្ងៃទី១៧ ខែកក្កដា អាជ្ញាធរសមត្ថកិច្ចបានបើកទ្វារទឹក នៅទំនប់វារីអគ្គិសនីស្ទឹងកំចាយ ដោយសារតែទឹកភ្លៀង​ធ្លាក់​ខ្លាំង។ អាជ្ញាធរខេត្តកំពត ក៏បានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី១៧ ខែកក្កដា ឲ្យប្រជាពលរដ្ឋរស់នៅអមសង្ខាងស្ទឹងកំពត ប្រុងប្រយ័ត្ន ដោយសារតែមានការបើកទ្វារទឹកឡើងវិញ។

យ៉ាងណាក៏ដោយ អាជ្ញាធរសមត្ថកិច្ច មិនទាន់បូកសរុបរបាយការណ៍លិចលង់ និងការខូចខាតដោយជំនន់ទឹកភ្លៀង នាពេលនេះទេ។ ប៉ុន្តែលោក កែវ វី បញ្ជាក់ថា ជាទូទៅ ជំនន់ទឹកភ្លៀង ស្រកលឿន មិនបង្កការខូចខាតដល់ផលដំណាំប៉ុន្មានទេ តែប៉ះពាល់ដល់ប្រជាពលរដ្ឋមួយចំនួន ដែលត្រូវជម្លៀសចេញពីផ្ទះលិចទឹក។ ការជម្លៀសប្រជាជនចេញពីផ្ទះលិចទឹក គិតត្រឹមថ្ងៃទី១៧ ខែកក្កដា មានតែនៅស្រុកស្រែអំបិល ខេត្តកោះកុងប៉ុណ្ណោះ តែមិនទាន់ដឹងថា មានចំនួនប៉ុន្មាននៅឡើយទេ៕

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;