ក្រសួង​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​ជំងឺ​ឆ្លង និង​គ្រោះថ្នាក់​ជាយ​ថា​ហេតុ ក្នុង​ពេល​ទឹក​ជំនន់

  • 2018-07-18 12:00:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល បាន​បង្ហាញ​សារ​អប់រំ​សំខាន់ៗ ក្នុង​ការ​បង្ការ​ជំងឺ​ឆ្លង និង​វិធានការ​ប្រុងប្រយ័ត្ន ជៀសវាង​គ្រោះថ្នាក់​ជាយថាហេតុ ក្នុង​អំឡុង​ពេល​ទឹកជំនន់។ ការ​ផ្សព្វផ្សាយ​នូវ​សារ​ជា​បន្ទាន់​នេះ ខណៈ​ដែល​ខេត្ត​មួយ​ចំនួន ដូចជា ខេត្ត​ព្រះសីហនុ កោះកុង កំពត កំពង់ស្ពឺ ជា​ដើម កំពុង​ប្រឈម​មុខ​នឹង​ជំនន់​ទឹកភ្លៀង ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ។

កុមារ កំពុងលេងទឹកទន្លេ នៅម្ដុំជ្រោយចង្វា
នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង បាន​លើកឡើង​ថា ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ​ផ្សេងៗ និង​គ្រោះថ្នាក់​នានា​ជាយថាហេតុ ក្នុង​អំឡុង​ពេល​ទឹក​ជំនន់​នេះ ប្រជាពលរដ្ឋ​ត្រូវ​តាម​ដាន​ស្ថានភាព​ទឹក​ជំនន់, ត្រៀម​រក​ទួល​សុវត្ថិភាព, ផ្តាច់​ចរន្ត​អគ្គិសនី និង​ការពារ​កុំ​ឲ្យ​ឆក់, ជាតិ​ពុល​នានា​ត្រូវ​ដាក់​ឲ្យ​ខ្ពស់ពី​ទឹក​លិច និង​ត្រូវ​ប្រើប្រាស់​ទឹក​ស្អាត​និង​ពិសា​ទឹក​ឆ្អិន​ជា​និច្ច។

ក្រៅពី​វិធានការ​ទាំង​នេះ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​របស់​ក្រសួង​សុខាភិបាល ក៏បាន​ណែនាំ​ប្រជាពលដ្ឋ ត្រូវ​បង្ការ កុំ​ឲ្យ​ឆ្លង​ជំងឺ​ផ្សេងៗ ដូចជា ជំងឺ​រាករូស, ពុល​ចំណី​អាហារ, ជំងឺ​គ្រុន​ចាញ់ គ្រុន​ឈាម, ផ្តាយសាយ​ធំ, រមាស់​ស្បែក និង​ជំងឺ​ភ្នែក​ក្រហម​ជា​ដើម។

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង បាន​បញ្ជាក់​ដែរ​ថា ក្នុង​ករណី​ប្រជាពលរដ្ឋ​ឃើញ​មាន​ជំងឺ​រាតត្បាត ឬ​កើតឡើង​ច្រើន​ខុស​ធម្មតា សូម​រាយការណ៍ ឬ​ទាក់ទង​លេខ ទូរសព្ទ​ទាន់​ហេតុការណ៍​ដោយ​មិន​គិត​ថ្លៃ​ពី​គ្រប់​ប្រព័ន្ធ​លេខ ១១៥ ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ទប់ស្កាត់ និង​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល​វេលា៕

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;