គ.ជ.ប ត្រៀមប្ដូរ​ការិយាល័យ​​បោះឆ្នោត និង​បង្កើន​ចំនួន​ឧទ្ធម្ភាគចក្រ បើ​មាន​គ្រោះ​ទឹក​ជំនន់

  • 2018-07-19 01:29:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដើម្បី​ដោះស្រាយ​បញ្ហា​គ្រោះ​ទឹក​ជំនន់​ដែល​កំពុង​កើតឡើង​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​គិតគូរ​ពី​ការ​ត្រៀម​ប្ដូរ​ការិយាល័យ​បោះឆ្នោត និង​បង្កើន​ចំនួន​ឧទ្ធម្ភាគចក្រ សម្រាប់​ប្រើប្រាស់​ក្នុងការ​ដឹក​ជញ្ជូន​សម្ភារៈ​បោះឆ្នោត។ នេះបើតាម​ការ​បញ្ជាក់​របស់​លោក សោម សូរីដា អគ្គ​លេខា​ធិការ​រង គ.ជ.ប កាលពី​ថ្ងៃទី១៨​កក្កដា​ម្សិលមិញ​នេះ។

លោក សោម សូរីដា ក្នុងកិច្ចប្រជុំ១របស់ គ.ជ.ប នាពេលកន្លងមក
គម្រោង​នេះ ធ្វើឡើង​ក្នុង​ពេល​ដែល​មាន​ការិយាល័យ​បោះឆ្នោត​មួយ​ចំនួន ត្រូវបាន​ទឹកភ្លៀង ជន់លិច។ ជំនន់​ទឹកភ្លៀង ក៏បាន​ធ្វើឲ្យ​គណបក្ស​នយោបាយ​មួយចំនួន ត្រូវកាត់​បន្ថយ​សកម្មភាព​ឃោសនា​ផងដែរ។

លោក សោម សូរីដា បាន​ថ្លែង​ថា គ.ជ.ប បាន​បញ្ជូន​សេចក្ដី​ណែនាំ​ ទៅកាន់​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​គ្រប់​ឃុំ​សង្កាត់​ទាំងអស់ ឲ្យ​តាមដាន​ជាប្រចាំ ចំពោះ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នាប៉ុន្មាន​ថ្ងៃ​នេះ ហើយ​ត្រូវ​រាយការណ៍​ទៅ គ.ជ.ប ជា​បន្ទាន់ ប្រសិន​បើ​ពិនិត្យ​ឃើញ​ថា ការិយាល័យ​បោះឆ្នោត​ណា​អាច​បន្ត ឬ​ប្រឈម​នឹងការ​លិចលង់​រហូត​ដល់​ថ្ងៃ​បោះឆ្នោត នាថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨។

ជាមួយគ្នា​នោះ លោក សោម សូរីដា ក៏​បញ្ជាក់​ថា គ.ជ.ប ក៏​ត្រៀម​ឧទ្ធម្ភាគចក្រ ចំនួន ២គ្រឿង​រួចរាល់​ហើយ ដើម្បី​ដឹក​ជញ្ជូន​សម្ភារៈ​បម្រើ​ឲ្យការ​បោះឆ្នោត បើសិន​ជា​មាន​គ្រោះ​ទឹក​ជំនន់ ហើយ គ.ជ.ប នឹង​ស្នើទៅ​កាន់​រាជ​រដ្ឋាភិបាល ដើម្បី​សុំ​ឧទ្ធម្ភាគចក្រ​បន្ថែម​ទៀត សម្រាប់​ធ្វើ​អន្តរាគមន៍​ភ្លាមៗ​ប្រសិន​បើ​ចាំបាច់៕

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;