LDP ទាមទារ​ឲ្យ គ.ជ.ប កំណត់​យកតែ​សន្លឹកឆ្នោត​ដែលមាន​សញ្ញា "ធីក" ឬ​សញ្ញា​ប្រហាក់ប្រហែល

  • 2018-07-19 06:42:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកខឹម វាសនា បានប្រកាសថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ប្រកាន់​ជំហរ និង​ទាមទារ​​ឲ្យ​មាន​ការ​កំណត់​យក​សន្លឹក​ឆ្នោត​ដែល​គូស​សញ្ញា "ធីក" ឬ​សញ្ញា​ប្រហាក់ប្រហែល នៅក្នុង​ប្រអប់​​​រាង​បួនជ្រុងទ្រវែង "តូច"។

ប្រមុខ​គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) បាន​បញ្ជាក់​យ៉ាង​ដូច្នេះ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​ជំហរ​របស់ LDP ចំពោះ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ដ នីតិកាល​ទី៦ ឆ្នាំ​២០១៨ នៅ​វិមាន​ពិភពថ្មី​សែនសុខ នា​ព្រឹក​ថ្ងៃ​ទី១៩ ខែកក្កដានេះ។

លោកខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ នាថ្ងៃទី១៩ ខែកក្កដា​នេះ
លោក ខឹម វាសនា បាន​ថ្លែងថា៖ ***"សម្រាប់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ ជំហររបស់ពួកយើង គឺ​ទាមទារ​ឲ្យ​ គ.ជ.ប កំណត់​ថា សន្លឹក​ឆ្លោត​ដែល​ចាត់ទុកថា​បាន​ការ គឺសន្លឹកឆ្នោត​ទាំង​ឡាយ​ណា ដែល​គូស​សញ្ញាធីក ឬសញ្ញាប្រហាក់​ប្រហែល ប៉ុន្តែដាច់ខាត​សញ្ញាធីក ឬសញ្ញា​ប្រហាក់ប្រហែល​នោះ ត្រូវ​គូស​ក្នុង​ប្រអប់រាង ៤ជ្រុង​ទ្រវែងតូច"។***

លោក​​ ខឹម វាសនា​ បាន​បន្ថែម​ថា ជា​គោលការណ៍​នៃ​ការ​បោះឆ្នោត​​ជា​ទូទៅនៅទូទាំង​ពិភពលោក គឺ​ត្រូវ​រក្សា​ភាព​សម្ងាត់​នៃ​អ្នក​បោះឆ្នោត ជា​ដាច់ខាត។ លោក​បាន​ពន្យល់​ថា ប្រសិន​បើ​គេ​អនុញ្ញាតិ​ឲ្យ​អ្នក​បោះឆ្នោត​គូស​សញ្ញា​អ្វី​ក៏បាន នោះ​ភាព​សម្ងាត់​ដែល​ជា​​គោលការណ៍​​នៃ​ការ​បោះឆ្នោត នឹង​ត្រូវ​បាត់បង់ ពោល​គឺ​អាច​កំណត់​អត្តសញ្ញាណ​​អ្នក​បោះឆ្នោតបាន។ ត្រង់​ចំណុច​នេះ លោក​ ខឹម វាសនា បាន​លើក​ឧទាហរណ៍​ថា គេ​អាច​កំណត់​ឲ្យ​អ្នក​បោះឆ្នោត​ម្នាក់ គូ​ស​សញ្ញា​ដាច់​ដោយ​ឡែក​រៀងខ្លួន ឬ​គូស​នៅ​ទីតាំង​ផ្សេងៗ​គ្នា លើ​ប្រអប់​៤ជ្រុង​ទ្រវែងធំ ដើម្បី​ដឹង​ថា សញ្ញា​ទាំងនោះ ជា​សញ្ញា​របស់​អ្នក​បោះឆ្នោត​រូបណា។

អ្នកចូលរួម​សន្និសីទ​សារព័ត៌មាន នៅ​វិមាន​ពិភពថ្មី​សែនសុខ នា​ព្រឹក​ថ្ងៃ​ទី១៩ ខែកក្កដានេះ

សូមបញ្ជាក់ថា ក្រៅពី​ធ្វើ​សន្និសីទសារព័ត៌មាន គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ក៏បាន​ផ្ញើ​លិខិត​ជូន​សម្ដេច ហេង សំរិន ប្រធាន​រដ្ឋសភា ដើម្បី​ស្នើ​រដ្ឋសភា ពិនិត្យ​ និង​កែតម្រូវ​លើ​បញ្ហា​គូស​សញ្ញា​គាំទ្រ​លើ​សន្លឹកឆ្នោត​ផងដែរ។ នៅ​ក្នុង​លិខិត​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​ ខឹម វាសនា ចុះ​ថ្ងៃ​ទី១៨ ខែកក្កដា​​នោះ LDP បាន​បញ្ជាក់ថា ការ​អនុញ្ញាតិ​ឲ្យ​អ្នក​បោះឆ្នោត គូស​សញ្ញា​គាំទ្រ​ណាមួយ​ក្នុង​ចំណោម​សញ្ញា​ដែល​បញ្ជាក់​ក្នុង​ក្រដាស​សំណួរ-ចម្លើយ​ ស្ដីពីការ​គូស​សញ្ញា​គាំទ្រ​លើ​គណបក្ស​លើ​សន្លឹកឆ្នោត​ របស់​គ.ជ.ប គឺជា​ការទុក​ឱកាស​ឲ្យ​ក្រុម​ជន​ខិលខូច អាច​ទិញ​លក់​សន្លឹក​ឆ្នោត ឬ​គំរាមកំហែង​អ្នកបោះឆ្នោត និង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​សម្ងាត់​នៃ​ការ​បោះឆ្នោត ជាដើម។

គួរ​រំលឹក​ផងដែរថា កាលពី​ពេល​ថ្មីៗ​កន្លងទៅ គ.ជ.ប បាន​ចេញ​លិខិត​សំណួរ​-ចម្លើយ​មួយ ដែល​ទាក់ទង​នឹង​ការ​គូស​សញ្ញា​គាំទ្រ​គណបក្ស​លើ​សន្លឹកឆ្នោត ដែល​ក្នុង​នោះ គ.ជ.ប បាន​ដាក់​សញ្ញា​ចំនួន ១៣ (ដូច​រូបភាព​ខាងក្រោម)៕

ក្រដាស​សំណួរ-ចម្លើយ​របស់​គ.ជ.ប ទាក់ទង​នឹង​ការ​គូស​សញ្ញា​គាំទ្រ​គណបក្ស​លើ​សន្លឹក​ឆ្នោត

អត្ថបទ៖ សោភា

អត្ថបទថ្មី
;