ការិយាល័យ​បោះឆ្នោត នៅ​ក្នុង​ខេត្ត​ចំនួន ៤ ត្រូវទឹកលិច

  • 2018-07-19 09:54:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ​ គ.ជ.ប បានឲ្យដឹងនៅថ្ងៃទី១៩ ខែកក្កដា​នេះ​ថា ការិយាល័យបោះឆ្នោត​មួយចំនួន នៅក្នុង​ខេត្តកោះកុង កំពង់ឆ្នាំង កំពង់ចាម និងខេត្តកំពង់ស្ពឺ ត្រូវទឹកភ្លៀង​ជន់លិច។

លោក​បញ្ជាក់ថា របាយការណ៍បឋម ដែល គ.ជ.ប ទទួលបាន គិតត្រឹមថ្ងៃទី១៩ ខែកក្កដា បង្ហាញថា នៅខេត្តកោះកុង ទឹកភ្លៀងជន់លិចការិយាល័យបោះឆ្នោតចំនួន ១ការិយាល័យ នៅ​ខេត្ត​កំពង់ឆ្នាំង លិច ៣ការិយាល័យ និង​នៅ​កំពង់ចាម ទឹក​លិចនៅឃុំ ៥ ដោយក្នុងឃុំនីមួយៗ មានការិយាល័យបោះឆ្នោត ពី ២ ទៅ ៣ ការិយាល័យ។

ដោយឡែក នៅខេត្តកំពង់ស្ពឺ មាន​ការិយាល័យ​ រងគ្រោះដោយទឹកជំនន់ច្រើនជាងគេ។ លោក ឌឹម សុវណ្ណារុំ បញ្ជាក់ថា ការិយាល័យបោះឆ្នោតជាច្រើន កំពុងជួបប្រទះនឹងជំនន់ទឹកភ្លៀង ដោយនៅស្រុកភ្នំស្រួច មាន ៨ ឃុំ គឺនៅឃុំចំបក់ ឃុំត្រែងត្រយឹង ឃុំដំបូងរូង ឃុំក្រាំងដីវាយ ឃុំតាំងសំរោង ឃុំតាំងស្យា ឃុំព្រែករំដួល និងឃុំអូរ។ រីឯនៅក្នុងស្រុកឱរ៉ាល់ ទឹកលិចការិយាល័យបោះឆ្នោត នៅក្នុងឃុំត្រពាំងជោរ និងនៅស្រុកសំរោងទង ក៏មានការិយាល័យបោះឆ្នោត ត្រូវទឹកភ្លៀងជន់លិចផងដែរ។

លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ​ គ.ជ.ប
លោក ឌឹម សុវណ្ណារុំ បន្ថែមថា ការិយាល័យ​បោះឆ្នោត​ណា​ដែល​នៅ​តែ​បន្ត​លិច​រហូត​ដល់ថ្ងៃ​បោះឆ្នោត ២៩ កក្កដា នឹងត្រូវ​ផ្លាស់ទីតាំង​ទៅ​កាន់ទីទួលសុវត្ថិភាព។ តែបើទឹកលិចទីទួលសុវត្ថិភាពទាំាងអស់ ក្នុងឃុំសង្កាត់ណាមួយ នោះការបោះឆ្នោតក្នុងឃុំសង្កាត់ទាំងនោះ នឹង​ត្រូវលើកពេល រហូតដល់ទឹកស្រកវិញ។

សូមបញ្ជាក់ថា នៅ​ចំពោះមុខស្ថានភាពគ្រោះទឹកជំនន់ គ.ជ.ប បាន​ត្រៀម​ឧទ្ធម្ភាគចក្រ ចំនួន ២គ្រឿង​រួចរាល់​ហើយ ដើម្បី​ដឹក​ជញ្ជូន​សម្ភារៈ​បម្រើ​ឲ្យការ​បោះឆ្នោត​ ហើយ គ.ជ.ប នឹង​ស្នើទៅ​កាន់​រាជ​រដ្ឋាភិបាល ដើម្បី​សុំ​ឧទ្ធម្ភាគចក្រ​បន្ថែម​ទៀត សម្រាប់​ធ្វើ​អន្តរាគមន៍​ភ្លាមៗ​ប្រសិន​បើ​ចាំបាច់៕

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;