គ.ជ.ប មិនអាចពន្យារពេលបោះឆ្នោតបានទេ ទោះមានគ្រោះទឹកជំនន់ក៏ដោយ
- 2018-07-20 06:12:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ.ជ.ប មិនអាចពន្យារពេលបោះឆ្នោតបានទេ ទោះមានគ្រោះទឹកជំនន់ក៏ដោយ
ចន្លោះមិនឃើញ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនអាចពន្យារពេលបោះឆ្នោតបានទេ បើទោះបីជាកម្ពុជា កំពុងរងគ្រោះដោយទឹកជំនន់ នៅខេត្តមួយចំនួនក្ដី។ នេះបើតាមការបញ្ជាក់របស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប កាលពីថ្ងៃទី១៩កក្កដាម្សិលមិញ។
លោកថា បើទឹកជំនន់ធ្វើឲ្យលិចការិយាល័យរៀបចំការបោះឆ្នោត គឺគ.ជ.ប នឹងផ្លាស់ប្ដូរទីតាំងបោះឆ្នោតថ្មីទៅកាន់ទីទួលខ្ពស់ ធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលពលរដ្ឋទៅបោះឆ្នោត។ លោក ហង្ស ពុទ្ធា បញ្ជាក់ថា គ្រោះធម្មជាតិនេះ មិនមែនទើបតែកើតមាន នៅអាណត្តិទី៦នេះទេ នៅអាណត្តិមុនៗ ក៏គ.ជ.ប ជួបឧបសគ្គបាតុភាពនេះដែរ។
ថ្មីៗនេះ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា ឥទ្ធិពលព្យុះ បង្កឲ្យកើតមានបម្រែបម្រួលអាកាសធាតុ ផ្ទៃមេឃមានពពកច្រើន និងមានភ្លៀងធ្លាក់រាយប៉ាយទូទាំងប្រទេស ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ កក្កដា។ ក្រសួងបន្ថែមថា រយៈពេល៣ថ្ងៃខាងមុខ ទឹកទន្លេមេគង្គនៅប៉ែកខាងលើរបស់កម្ពុជា នឹងហក់ឡើងខ្ពស់ ហើយទឹកនឹងហូរចូលតាមព្រែក និងនៅតំបន់ទំនាបនានា ជាប់នឹងដងទន្លេមេគង្គ។
ក្រសួងក៏អំពាវនាវឲ្យប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និងខេត្តកំពង់ចាម ដែលជាខេត្តជាប់ដងទន្លេមេគង្គ ត្រូវប្រញាប់ប្រមូលផលកសិកម្ម ឲ្យបានឆាប់ ជៀសវាង ខូចខាតដោយសារទឹកជំនន់។
មន្ត្រីជាន់ខ្ពស់អង្គការខុមហ្វ្រែល លោក កន សាវាង្ស យល់ថា គ.ជ.ប គួរតែធ្វើការស្រាវជ្រាវឲ្យបានច្បាស់លាស់ ពីស្ថានភាពទឹកជំនន់ថា នឹងកើនឡើងកម្រិតណា តែបើរកឃើញថា ស្ថានភាពទឹកជន់កើតមានខ្លាំងរំខានដល់ដំណើររៀបចំការបោះឆ្នោតច្រើនទីតាំង គ.ជ.ប គួរតែពិចារណាធ្វើការលើកពេលវេលាបោះឆ្នោត ឬពន្យារពេល។
លោកអង្កេតឃើញថា គ្រោះទឹកជំនន់នេះ គឺជៀសមិនផុតពីការលំបាកដល់ពលរដ្ឋធ្វើដំណើរទៅបោះឆ្នោតនោះទេ ហេតុនេះទាមទារឲ្យគ.ជ.ប មានការសិក្សាឲ្យបានហ្មត់ចត់ ជាមួយគណបក្សនយោបាយនានា។
កាលពីថ្ងៃទី១៦ កក្កដា អភិបាលខេត្តរតនគិរី លោក ថង សាវុន បានជូនដំណឹងយ៉ាងប្រញាប់បំផុត ឲ្យពលរដ្ឋប្រុងប្រយ័ត្ន ជាពិសេសពលរដ្ឋដែលរស់នៅតាមបណ្តោយទន្លេ បឹង អូរ ព្រែក និង ប្រឡាយ នៅគ្រាដែលភ្លៀងនៅតែបន្តធ្លាក់ខ្លាំង ធ្វើឲ្យទឹកហក់ឡើងលឿន អាចបង្កប៉ះពាល់ទ្រព្យសម្បត្តិ ផលដំណាំ លំនៅឋាន អាយុជីវិត និង ជំងឺរាតត្បាតផ្សេងៗ។ មន្ត្រីសង្គមស៊ីវិលអង្កេតឃើញថា ស្ថានភាពទឹកជំនន់ និងការប្រែប្រួលអាកាសធាតុនេះ គឺជាឧបសគ្គដែលនាំឲ្យប៉ះពាល់ដល់ដំណើរការរៀបចំការបោះឆ្នោតជាតិនៅតាមការិយាល័យមួយចំនួននៅខេត្តភាគឦសាននេះដែរ៕