អ្នកជំនាញឃើញអ្វីខ្លះ ពេលបើកផ្នូរថ្មបុរាណអាយុកាល២០០០ឆ្នាំដែលទើបរកឃើញ?
- 2018-07-20 07:28:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជំនាញឃើញអ្វីខ្លះ ពេលបើកផ្នូរថ្មបុរាណអាយុកាល២០០០ឆ្នាំដែលទើបរកឃើញ?
ចន្លោះមិនឃើញ
ប្រមាណជា២សប្ដាហ៍មុន បុរាណវិទូនៅអេហ្ស៊ីបបានប្រទះឃើញផ្នូរថ្មបុរាណដ៏ធំមួយ នៅក្នុងទីក្រុង Alexandria ដែលមានអាយុកាល ២០០០ឆ្នាំ។ លុះមកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ ម្សិលមិញ ក្រុមអ្នកជំនាញ ក៏បានទៅបើកកកាយរកមើលរបស់របរនៅក្នុងផ្នូរថ្មបុរាណនេះ។
បើតាមសារព័ត៌មានអេហ្ស៊ីប El-Watan បានឲ្យដឹងថា នៅក្នុងផ្នូរ គេប្រទះឃើញឆ្អឹងមនុស្សចំនួន ៣នាក់ ស្ថិតក្នុងទឹកដែលមានពណ៌ក្រហមត្នោត ហើយមានធុំក្លិនស្អុយយ៉ាងខ្លាំង។
លោក Mostafa Waziri អគ្គលេខាធិការនៃឧត្ដមក្រុមប្រឹក្សាវត្ថុបុរាណ បាននិយាយថា៖ "ពួកយើងឃើញឆ្អឹងមនុស្ស៣នាក់ ដែលមើលទៅដូចជាការកប់ជាលក្ខណៈគ្រួសារ... តែជាសំណាងអាក្រក់ ឆ្អឹងខ្មោចទាំងនោះមិនស្ថិតនៅក្នុងស្ថានភាពល្អនោះទេ"។ លោកបន្ថែមថា ដំបូងឡើយលោកមានភាពភ័យខ្លាចអំពីពាក្យបណ្ដាសានៅក្នុងផ្នូរបុរាណនេះដែរ តែពេលបើកមើលផ្នូរនេះហើយទើបលោកដឹងថាគ្មានអ្វីអាក្រក់កើតឡើងទេ។
ចំណែកឯសារព័ត៌មានរដ្ឋអេហ្ស៊ីប Al-Ahram បានបញ្ជាក់ថា ភាពភ័យខ្លាចនៅពេលបើកផ្នូរបានរសាយអស់ទៅហើយ នៅឡើយតែក្លិនស្អុយដែលបន្សល់នៅ ហើយវាអាចបង្កឲ្យមានខ្យល់ពុលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ។
បើតាមការសិក្សារបស់អ្នកជំនាញ បុគ្គលទាំង៣នាក់នៅក្នុងផ្នូរបុរាណ ប្រហែលជាទាហាននៅក្នុងអំឡុងសម័យស្ដេចផារ៉ាអុង ដោយហេតុថា លលាដ៍ក្បាល១ក្នុងចំណោមនោះមានស្នាមត្រូវគ្រាប់ព្រួញ៕