ផលប៉ះពាល់ និងការខូចខាត ដោយជំនន់ទឹកភ្លៀង នៅ ៧ខេត្ត-រាជធានី
- 2018-07-23 13:01:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផលប៉ះពាល់ និងការខូចខាត ដោយជំនន់ទឹកភ្លៀង នៅ ៧ខេត្ត-រាជធានី
ចន្លោះមិនឃើញ
លោក កែវ វី នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងនៅថ្ងៃទី២៣កក្កដានេះថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ជំនន់ទឹកភ្លៀង បានកើតឡើងនៅ ៧ខេត្ត-រាជធានី រួមមាន៖ ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តតាកែវ និងនៅរាជធានីភ្នំពេញ។
ប៉ះពាល់ដល់ប្រជាជន ៧១០៦គ្រួសារ ក្នុងនោះ មានប្រជាជន ១៤១៦គ្រួសារ ត្រូវបានជម្លៀសចេញពីផ្ទះលិចទឹក ទៅកាន់ទីទួលសុវត្ថិភាព។
ខូចខាតផ្ទះ ៦ខ្នង នៅខេត្តកោះកុង។
លិចសាលារៀន ១០កន្លែង លិចវត្ត ៥ និងវិហារឥស្លាម ៦កន្លែង។ ងាប់គោ ១១ក្បាល។
ស្រូវរងការប៉ះពាល់ដោយលិចទឹក ចំនួន ៨២៣២ហិកតា ខូចខាតស្រូវដែលលិចទឹកចំនួន ៥២ ហិកតា។
ដំណាំរួមផ្សំ លិចទឹក ៩៨៤ ហិកតា និងខូចខាត ៤៤ ហិកតា។
លោក កែវ វី ក៏បានបន្តថា នៅរាជធានីភ្នំពេញ ជំនន់ទឹកភ្លៀង តាមស្ទឹងព្រែកត្នោត បានបង្កការលិចលង់នៅខណ្ឌដង្កោ និងពោធិ៍សែនជ័យ ដែលមានប្រជាពលរដ្ឋប៉ះពាល់សរុប ៨៣៨គ្រួសារ។ ក្នុងនោះ នៅខណ្ឌដង្កោ ប៉ះពាល់ប្រជាពលរដ្ឋ ៥៨៧ គ្រួសារ នៅក្នុង ២៦ ភូមិ និង ៩សង្កាត់។ ចំណែកនៅខណ្ឌពោធិ៍សែនជ័យ ទឹកលិច ១៦ ភូមិ។
ក្នុងខណ្ឌដង្កោ ជំនន់ទឹកភ្លៀងពីស្ទឹងព្រែកត្នោត បានជន់លិចសាលាសង្កាត់ និងប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ ចំនួន២ គឺនៅសង្កាត់ស្ពានថ្ម និងសង្កាត់គងនយ ព្រមទាំងបាក់ផ្លូវបេតុង ១ខ្សែ នៅផ្លូវចូលវត្តសាក់សំពៅផងដែរ៕