អភិបាលខេត្តកោះកុង ត្រៀមកោះហៅភាគីពាក់ព័ន្ធ មកបំភ្លឺរឿងខូចខាតសណ្ឋាគារបណ្តែតទឹកនៅតាតៃ
- 2018-07-25 05:02:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អភិបាលខេត្តកោះកុង ត្រៀមកោះហៅភាគីពាក់ព័ន្ធ មកបំភ្លឺរឿងខូចខាតសណ្ឋាគារបណ្តែតទឹកនៅតាតៃ
ចន្លោះមិនឃើញ
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានថ្លែងប្រាប់សារព័ត៌មាន Sabay នៅព្រឹកថ្ងៃទី២៥ ខែកក្កដានេះថា លោកស្រី នឹងកោះហៅក្រុមហ៊ុនវារីអគ្គិសនីស្ទឹងតាតៃ និងម្ចាស់សណ្ឋាគារអណ្ដែតទឹក 4 Rivers ដើម្បីបើកកិច្ចប្រជុំរកដំណោះស្រាយ ក្រោយសណ្ឋាគារអណ្ដែតទឹកដ៏ល្បីមួយនេះ បានទទួលរងការខូចខាត នៅពេលក្រុមហ៊ុនវារីអគ្គិសនីស្ទឹងតាតៃ បានបើកទ្វារទឹក កាលពីថ្ងៃទី១៧ ខែកក្កដាកន្លងទៅ។
ដោយឡែក លោក VALENTIN PAWLIK ម្ចាស់សណ្ឋាគារអណ្ដែតទឹក 4 Rivers បានឲ្យដឹងក្នុងសេចក្ដីប្រកាសព័ត៌មានថ្ងៃទី២៣ ខែកក្កដាថា សណ្ឋាគារអណ្តែតទឹក 4 Rivers ត្រូវបានបំផ្លាញដោយសារទឹកបានឡើងខ្លាំងភ្លាមៗ កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ដោយសារក្រុមហ៊ុនវារីអគ្គិសនីស្ទឹងតាតៃ បើកទ្វារទឹកនៃអាងស្តុកទឹករបស់ខ្លួន ដោយមិនបានជូនដំណឹងជាមុន។
ចំណែកអ្នកគ្រប់គ្រងនៅក្រុមហ៊ុនវារីអគ្គិសនីស្ទឹងតាតៃ បានឆ្លើយតបថា ទឹកដែលហូរមកបុកសណ្ឋាគារ 4 Rivers គឺមកពី២ប្រភព គឺទី១ ទឹកពីវារីអគ្គិសនីស្ទឹងតាតៃ និងមួយទៀត គឺមកពីតំបន់ដែលមិនស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនវារីអគ្គិសនី។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ 4 Rivers៕
រូបភាពផ្ដល់ឲ្យ