មេធាវី ស្នើឱ្យ​តុលាការ​ដោះលែង លោក កឹម សុខា ខណៈ​ជំងឺ​កៀប​សរសៃ​រើ​ឡើងវិញ

  • 2018-07-26 01:42:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មេធាវី លោក កឹម សុខា បាន​ស្នើសុំ​ឲ្យ​តុលាការ​ពន្លឿន​សំណុំរឿង ​ដើម្បី​យក​មក​ជំនុំ​ជម្រះ ដោយសារ​ជំងឺ​គាប​សរសៃ​លោក កឹម សុខា កំពុង​រើ​ឡើងវិញ។

លោក​មេធាវី ផែង ហេង បាន​មាន​ប្រសាសន៍​កាលពីថ្ងៃទី២៥កក្កដា​ម្សិលមិញ​ថា សំណុំ​រឿង​ដែល​ក្រុម​មេធាវី​ប្ដឹង​ជំទាស់​ទៅ​តុលាការ​មាន​ពីរ គឺ​ទី​១ សំណុំរឿង​ប្ដឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ខែ​មីនា ឆ្នាំ​២០១៨ សុំ​ឲ្យ​សាលាដំបូង​លើកលែង​ការចោទប្រកាន់​លោក កឹម សុខា វិញ។ សំណុំរឿង​ទី​២ គឺ​បណ្ដឹង​សាទុក្ខ​សុំ​នៅ​ក្រៅ​ឃុំ ប្ដឹង​ទៅ​តុលាការ​កំពូល​កាលពី​ខែ​មិថុនា ឆ្នាំ​២០១៨។ ក៏ប៉ុន្តែ​សំណុំរឿង​ទាំងពីរ​នេះ តុលាការ​ទាំងពីរ​ថ្នាក់ មិន​ទាន់​យក​មក​ជំនុំជម្រះ​នៅ​ឡើយ ហើយ​ការ​បន្ត​ឃុំខ្លួន​កូនក្ដី​របស់​លោក ក៏​នៅតែ​អូស​បន្លាយ។

លោក កឹម សុខា ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅមុខសាលាដំបូង​រាជធានីភ្នំពេញ មុនពេលជាប់ពន្ធនាគារ
លោក​មេធាវី ផែង ហេង បាន​សង្កត់ធ្ងន់​ថា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ រក​មិន​ឃើញ​ភស្តុតាង​អ្វី​ផ្សេង ក្រៅពី​វីដេអូ​ឃ្លីប​នោះ​ឡើយ៖ «***តុលាការ​ពិសេស​ចៅក្រម​ស៊ើបសួរ ​ត្រូវ​សម្រេច​លើកលែង​ការចោទប្រកាន់​ឯកឧត្ដម កឹម សុខា តុលាការ​ធ្វើ​ដោយ​មិនបាន​ពិចារណា***»។

គួរ​បញ្ជាក់​ថា លោក កឹម សុខា អតីត​​ប្រធាន​​នៃ​​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ចោទ​ប្រកាន់​​ពីបទ​សន្ធិដ្ឋិភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣នៃ​ក្រម​ព្រហ្មទណ្ឌ។ បទ​សន្ធិដ្ឋិភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឱ្យ​មាន​អំពើ​ប្រទូស្តរ៉ាយ ឬ​ឱ្យ​មាន​អំពើ​ឈ្លានពាន ​ប្រឆាំង​នឹង​ព្រះ​រាជាណាចក្រ​កម្ពុជា។ បទល្មើស​នេះ ត្រូវជាប់​ពន្ធនាគារ​ពី ១៥ឆ្នាំ​ ដល់៣០​ឆ្នាំ​។

សូម​រំលឹក​ថា លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ​នៅ​ពាក់​កណ្តាល​អធ្រាត្រ ឈានចូល​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧។ ក្រោយ​ឃាត់​ខ្លួន​ សមត្ថកិច្ច​បាន​បញ្ជូន​លោក កឹម សុខា ទៅឃុំ​បណ្តោះ​អាសន្ន​ នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ ​នៅថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៧៕

ប្រភព៖ Radio Free Asia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;