នៅ​ថ្ងៃ​បោះ​ឆ្នោត​ សន្តិ​សុខ​អាច​បណ្តេញ ឬ ឃាត់​ខ្លួន​អ្នក​បាន​ ប្រសិន​បើ​អ្នក​ធ្វើ​សកម្មភាព​ទាំង​នេះ

  • 2018-07-26 04:21:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការិយាល័យ​បោះ​ឆ្នោត និង​រាប់​សន្លឹក​ឆ្នោត គឺ​ជា​ទី​តាំង​រដ្ឋបាល និង សន្តិ​សុខ​ ដែល​មាន​បរិវេណ​ខាង​ក្នុង (ចម្ងាយ​១៥​ម៉ែត្រ​ជុំវិញ​ការិយា​ល័យ​បោះ​ឆ្នោត​) និង បរិវេណ​ខាង​ក្រៅ (ចម្ងាយ​១០០​ម៉ែត្រ​ជុំវិញ​ការិយា​ល័យ​បោះ​ឆ្នោត​) ។ ការិយា​ល័យ​បោះ​ឆ្នោត​ និង​រាប់​សន្លឹក​ឆ្នោត ជា​កន្លែង​ដែល​មាន​ការ​ត្រួត​ពិនិត្យ និង​យាម​កាម​យ៉ាង​តឹង​រ៉ឹង​បំផុត​ ក្នុង​គោល​បំណង​នៃ​ការ​បោះ​ឆ្នោត និង រាប់​សន្លឹក​ឆ្នោត​។

គ.ជ.ប បាន​ណែ​នាំ​ថា ប្រសិន​បើ​មាន​អ្នក​បោះ​ឆ្នោត​ណា​ម្នាក់ រំខាន​ដល់​កិច្ច​ប្រតិ​បត្តិ​ការ​បោះ​ឆ្នោត ទោះ​បី​ជា​ជន​នោះ​ស្ថិត​ក្នុង​ការិយា​ល័យ​បោះ​ឆ្នោត​ ឬ​កំពុង​តម្រង់​ជួរ​នៅ​ខាង​ក្រៅ​ការិ​យាល័យ​ក្តី  ប្រធាន​គណៈ​កម្មការ​ការិយា​ល័យ​បោះ​ឆ្នោត (គ.ក.ប) ត្រូវ​ណែ​នាំ​ឱ្យ​ជន​នោះ​រក្សា​របៀប​រៀប​រយ​។

ប៉ុន្តែ បើអ្នក​បោះ​ឆ្នោត​នោះ​បដិសេធ មិន​ព្រម​គោរព​តាម​បញ្ជា​របស់​ខ្លួន ប្រធានគ.ក.ប ត្រូវ​ស្នើ​កម្លាំង​សន្តិ​សុខ​ឱ្យ​បណ្តេញ​បុគ្គល​នោះ​ចេញ ឬ​ឃាត់​បុគ្គល​នោះ រហូត​ដល់​ការ​បោះ​ឆ្នោត​ ត្រូវ​បាន​បញ្ចប់​។

យុវតីម្នាក់ កំពុងទម្លាក់សន្លឹកឆ្នោតចូលទៅក្នុងធុង ក្នុងការិយាល័យបោះឆ្នោតមួយ នៅរាជធានីភ្នំពេញ កាលពីឆ្នាំ ២០១៧
ការ​រំខាន​ដល់​អ្នក​បោះ​ឆ្នោត ឬ ដល់​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​បោះ​ឆ្នោត គឺ​ជា​សកម្ម​ភាព​ទាំង​ឡាយ​ណា​ ដែល​កើត​មាន​ឡើង​នៅ​ក្នុង​ការិយា​ល័យ​បោះ​ឆ្នោត ឬ​ ក្នុង​បរិវេណ​ខាង​ក្នុង​ការិយា​ល័យ​បោះ​ឆ្នោត​ដូច​ខាង​ក្រោម​៖
  • ការ​បញ្ចេញ​សម្រែក​ខ្លាំង​ៗ ឬ​ការ​បញ្ចេញ​សម្តី​គំរាម​កំហែង ឬ ជេរ​ប្រមាថ​មាក់​ងាយ

  • ធ្វើ​សកម្ម​ភាព​រារាំង​អ្នក​បោះ​ឆ្នោត​ មិន​ឱ្យ​ទៅ​បោះ​ឆ្នោត

  • ការ​រុញ​ច្រាន​ដោយ​ប្រើ​កម្លាំង​ធ្ងន់​

  • ការ​គប់​វត្ថុ​ផ្សេង​ៗ​សំដៅ​អ្នក​បោះ​ឆ្នោត ឬ​ ការិយា​ល័យ​បោះ​ឆ្នោត

  • ការ​អុក​ឡុក​នៃ​បុគ្គល​ម្នាក់ ឬ​ច្រើន​នាក់​ ដែល​ធ្វើ​ឱ្យ​រំខាន​ដល់​អ្នក​បោះ​ឆ្នោត

  • ការ​បញ្ចេញ​អាកប្ប​កិរិយា និង ភាសា​មិន​សម​រម្យ

  • ការ​បញ្ចេញ​ឱ្យ​ឃើញ​នូវ​អាវុធ គ្រឿង​ផ្ទុះ ឬ សារ​ធាតុ​ផ្សេង​ៗ ប្រកប​ដោយ​គ្រោះ​ថ្នាក់

( ដក​ស្រង់​ និង​ធ្វើ​សេចក្តី​សង្ខេប​ចេញ​ពីសៀវ​ភៅ បទ​បញ្ជា និង នីតិ​វិធី សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិ​កាល​ទី៦​)    

អត្ថបទ៖ ឃុត សុខឿន​

អត្ថបទថ្មី
;