លោក អាសាដ ចង់​ឃាត់​យោធា​រុស្ស៊ី​ឲ្យ​នៅ​ស៊ីរី​ក្នុង​រយៈពេល​យូរ​អង្វែង

  • 2018-07-27 06:49:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក បាសាល អាល់អាសាដ ប្រធានាធិបតី​ស៊ីរី បាន​បង្ហាញ​ពី​បំណង​របស់​លោក ដែល​ចង់​ឲ្យ​យោធា​រុស្ស៊ី​បន្ត​វត្តមាន​​រយៈពេល​វែង​នៅ​​លើ​ទឹក​ដី​របស់​ខ្លួន ក្នុង​ការ​ប្រឆាំង​នឹង​គូ​ប្រជែង​នានា​នៅ​ក្នុង​តំបន់។

លោក អាសាដ បាន​ប្រាប់​ទៅ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១៨ ថា ការ​ចុះ​អន្តរាគមន៍​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ នៅ​ឆ្នាំ​២០១៥ ក្នុង​ប្រទេស​ស៊ីរី បាន​ជួយ​ឲ្យ​យោធា​របស់​លោក និង​សម្ព័ន្ធមិត្ត​លុប​បំបាត់​ការ​គំរាមកំហែង​ពី​សំណាក់​ក្រុម​បះបោរ និង​ក្រុម​ឧទ្ទាម​ជីហាដ លេច​ឡើង​ក្រោយ​ការ​បះបោរ​ឆ្នាំ​២០១១។ បើ​ទោះ​ជា​រដ្ឋាភិបាល​ស៊ីរី​អាច​ដណ្ដើម​យក​ទឹកដី​វិញ​ពី​ក្រុម​បះបោរ​យ៉ាង​ឆាប់​រហ័ស លោក អាសាដ នៅ​តែ​បញ្ជាក់​ដដែល​ថា ស៊ីរី​នៅ​តែ​ត្រូវការ​ជំនួយ​ពី​យោធា​រុស្ស៊ី ដើម្បី​ការពារ​កម្លាំង​ប្រឆាំង​ណា​មួយ។

"កម្លាំង​ប្រដាប់​អាវុធ​រុស្ស៊ី គឺ​សំខាន់​សម្រាប់​តុល្យភាព​នៅ​ក្នុង​តំបន់​របស់​ពួក​យើង (ស៊ីរី) និង​យ៉ាង​ហោច​ណាស់​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា រហូត​ទាល់​តែ​ស្ថិរភាព​នយោបាយ​ពិភពលោក​មាន​ការ​ប្រែប្រួល" នេះ​ជា​ការ​លើក​ឡើង​របស់​លោក អាសាដ។ លោក​ប្រធានាធិបតី​ស៊ីរី បន្ត​ថា រុស្ស៊ី​គឺ​ជា​ប្រទេស​ដ៏​ធំ​មួយ ហើយ​មាន​អំណាច ដូច្នេះ​ហើយ​រុស្ស៊ី​ត្រូវ​មាន​តួនាទី​មើល​ការ​ខុសត្រូវ​ចំពោះ​ពិភពលោក​ទាំង​មូល៕

ប្រភព៖ Newsweek ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;