គ្រូបឹងកេត រងពិន័យមិនឱ្យចូលរួមប្រកួត ១ខែ និងពិន័យជាប្រាក់ ៥០ម៉ឺនរៀល
- 2018-07-27 08:20:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូបឹងកេត រងពិន័យមិនឱ្យចូលរួមប្រកួត ១ខែ និងពិន័យជាប្រាក់ ៥០ម៉ឺនរៀល
ចន្លោះមិនឃើញ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានសម្រេចពិន័យលោក ហៅ សុជាតិ គ្រូបង្គោលរបស់ក្លឹបបឹងកេត មិនឱ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់នានាដែលរៀបចំដោយ FFC រយៈពេល១ខែ និងពិន័យជាប្រាក់ ៥០ម៉ឺនរៀលផងដែរ។
ក្នុងសេចក្តីសម្រេចចុះហត្ថលេខាដោយលោក អេង ពៅទិត្យ ប្រធានគណៈកម្មការវិន័យ នៃ FFC កាលពីថ្ងៃទី២៦កក្កដា បានឱ្យដឹងថា ការសម្រេចពិន័យលោក ហៅ សុជាតិ គឺយោងមាត្រា ៤៧ ចំណុច "ក" និងមាត្រា ៤៩ "ក/ខ" នៃក្រមវិន័យរបស់ FFC ពីបទប្រើប្រាស់ឥរិយាបទមិនសមរម្យដាក់មន្រ្តីការប្រកួត គឺរុញ ព្រមទាំងប្រើសម្តីមិនសមរម្យ ដាក់មន្រ្តីការប្រកួត។
សូមរំលឹកថា ឥរិយាបថរបស់លោក ហៅ សុជាតិ ដែលត្រូវបាន FFC ចោទប្រកាន់ខាងលើនេះ គឺកើតឡើងនៅក្នុងជំនួបរវាង បឹងកេង និងសូលទីឡូអង្គរ ក្នុងលីគកំពូលកម្ពុជាសប្តាហ៍ទី១៥ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នៅពហុកីឡដ្ឋានជាតិ។ ពេលនោះ បឹងកេត យកឈ្នះ សូលទីឡូអង្គរ ដោយលទ្ធផល ២-១។
លោក ហៅ សុជាតិ នឹងមិនមានវត្តមានឡើយ ក្នុងពេលដែលបឹងកេត នឹងត្រូវប្រកួតជាមួយក្រសួងការពារជាតិ នៅស្តាតចាស់ នាម៉ោង ៦ល្ងាចថ្ងៃទី២៧កក្កដានេះ ក្នុងលីគកំពូលកម្ពុជាប្រចាំសប្តាហ៍ទី១៦៕