ទឹក​ជំនន់​ពី​ឡាវ និងជំនន់ទឹកភ្លៀង នៅ​តែ​បន្ត​គំរាម​កំហែង​ខេត្ត​ស្ទឹង​ត្រែង

  • 2018-07-30 04:27:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋ​បាល​ខេត្ត​ស្ទឹង​ត្រែង នៅ​ថ្ងៃ​ទី ៣០ ខែ​កក្កដា​នេះ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​ តាម​រយៈ​ ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​ខ្លួន​ថា ទឹក​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ បាន​បន្ត​កើន​ឡើង​កម្ពស់ លើស​កម្រិត​ប្រកាស​អាសន្ន​ហើយ។ មក​ដល់​ម៉ោង ១០:០០ នាទី​ព្រឹក​ថ្ងៃ​ទី ៣០ ខែក​ក្កដានេះ ទឹក​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង បាន​បន្ត​កើន​ឡើង​ដល់​កម្ពស់ ១០,៧៧ ម៉ ខណៈ​កម្រិត​កម្ពស់​ដែល​ត្រូវ​ប្រកាស​ឱ្យប្រុង​ប្រយ័ត្ន​ត្រឹម​តែ ១០,៧០ ម៉ ប៉ុណ្ណោះ ។ រដ្ឋ​បាល​ខេត្ត​ស្ទឹង​ត្រែង បន្តថា ពេលនេះទឹក​ទន្លេ​បាន​ចាប់​ផ្តើម​លិច​ចូល​តំបន់​ទំនាប​មួយ​ចំនួន​ដែល​នៅតាម​ដង​ទន្លេ​ជា​បណ្តើរៗ​ហើយ​ដែរ​។

តំបន់ទំនាបមួយក្នុងក្រុងស្ទឺងត្រែង ដែលទឹកទន្លេមេគង្គហូរចូលលិច (រូបភាព៖ក្រសួងធនធានទឹកនិងឧតុនិយម)
ទាក់​ទង​នឹង​ស្ថាន​ភាព​កម្ពស់​ទឹក និង ករណី​គ្រោះ​ទឹក​ជំនន់​នេះ​ដែរ រដ្ឋ​បាល​ខេត្ត​ស្ទឹង​ត្រែង​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ដាច់​ដោយ​ឡែក​មួយ​ផ្សេង​ទៀត​ ដោយ​ឱ្យ​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង តាម​បណ្តោយ​ដង​ទន្លេ​មេគង្គ ទន្លេ​កុង​ មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​ករណី​គ្រោះ​ទឹក​ជំនន់​នេះ​។

ជាមួយ​គ្នា​នេះ​ដែរ រដ្ឋ​បាល​ខេត្ត​ស្ទឹង​ត្រែង​ក៏​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច និង​ កង​កម្លាំង​គ្រប់​ផ្នែក​ទាំង​អស់ ដាក់​ចេញ​នូវ​ផែន​ការ​ត្រៀម​បង្ការ​ និង​ត្រៀម​ជួយ​សង្គ្រោះ​ប្រជា​ពល​រដ្ឋ ដែល​កំពុង​រស់​នៅ​ក្នុង​មូល​ដ្ឋាន​ ដែល​អាច​នឹ​ងរង​ផល់​ប៉ះ​ពាល់​ពី​គ្រោះ​ធម្មជាតិ​នេះ ឱ្យ​បាន​ទាន់​ពេល​វេលា ផង​ដែរ។

ព័ត៌មានចុងក្រោយ ពីក្រសួងធនធានទឹកនិងឧតុនិយម បានឱ្យដឹងថា សង្កាត់ចំនួន ៤ របស់ក្រុងស្ទឺងត្រែង ត្រូវបានទឹកជំនន់ទន្លេមេគង្គ លិចចូលជាបណ្តើរៗហើយ។

មកដល់ម៉ោង ១១ ព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង បានបន្តកើនឡើងដល់កម្ពស់ ១០,៨០ ម (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១០,៧០ ម) ។ ទឹកទន្លេបានលិចចូលតំបន់ទំនាបមួយចំនួនក្នុងសង្កាត់ចំនួន ០៤ របស់ក្រុងស្ទឺងត្រែង ជាបណ្តើរៗហើយ ក្នុងនោះមានសង្កាត់ព្រះបាទ សង្កាត់ស្រះឫស្សី សង្កាត់ស្ទឹងត្រែង និងសង្កាត់សាមគ្គី ៕


តំបន់ទំនាបមួយចំនួនក្នុងក្រុងស្ទឺងត្រែង ដែលទឹកទន្លេមេគង្គហូរចូលលិច (រូបភាព៖ក្រសួងធនធានទឹកនិងឧតុនិយម)

អត្ថបទ៖ ឃុត សុខឿន​

អត្ថបទថ្មី
;