Pogba ទម្លាយ​មូលហេតុ​ដែល​មិន​លេង​ម៉ូត​សក់ កាល ​World Cup

  • 2018-07-31 04:48:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​បម្រើ​ជម្រើស​ជាតិ​បារាំង Paul Pogba បាន​បង្ហើប​ពី​មូលហេតុ​ដែល​ខ្លួន​មិន​បាន​លាប​ពណ៌​សក់ ឬ​លេង​ម៉ូត​សក់ នៅ​ក្នុង​ព្រឹត្តិការណ៍ FIFA World Cup 2018 កន្លងទៅ គឺ​ព្រោះតែ គេ​មិន​ចង់​ឲ្យ អ្នកគាំទ្រ​បាល់ទាត់​នានា​ធ្វើការ​រិះគន់​ទង្វើ​របស់​គេ​។

Pogba បង្ហាញមេដាយមាសដែលខ្លួនឈ្នះពី FIFA World Cup 2018 (រូបថត៖ Reuters)
កីឡាករ​របស់​ក្លឹប​បិសាច​ក្រហម Manchester United បាន​ឲ្យ​ដឹង​តាម​រយៈ​គណនី Instagram ផ្លូវការ​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​៣០​កក្កដា​ថា នៅ​ពេល​ដែល​គេ​មិន​លេង​ម៉ូត​សក់ អ្នក​ដែល​ស្អប់​គេ បាន​ត្រឹមតែ​រិះគន់​លើ​ទម្រង់​លេង​ប៉ុណ្ណោះ​។

សូម​ជម្រាប​ថា លោក Jose Mourinho អ្នក​ចាត់ការ​ទូទៅ Man United កាល​ពី​សប្ដាហ៍​មុន​បាន​ប្រាប់​ឲ្យ Pogba ផ្ដោត​លើ​អ្វី​ដែល​ខ្លួន​អាច​ធ្វើបាន​សម្រាប់​ក្រុម មិន​មែន​រឿង​អ្វី​ផ្សេង​នោះ​ទេ។ លោក​បន្ថែម​ថា ក្រោយ World Cup កីឡាករ​វ័យ២៥​ឆ្នាំ​ដដែល នឹង​អាច​ទទួល​ជោគជ័យ​ប្រសិនបើ​គេ​ផ្ដោត​លើ​បាល់ទាត់​តែ​មួយ​មុខ​។

គួរ​រំឭក​ថា កាលពី​រដូវកាល​មុន នៅ​ជាមួយ​ក្លឹប Man Utd គេ​សង្កេត​ថា Pogba តែងតែ​ផ្លាស់ប្ដូរ​ម៉ូត​សក់​របស់​ខ្លួន​ជា​ញឹកញាប់ ដែល​ទង្វើ​នេះ​ធ្វើឲ្យ​អ្នកគាំទ្រ​មួយ​ចំនួន​រិះគន់​ថា Pogba មិន​ព្យាយាម​លេង​បាល់ទាត់​ទេ គិត​តែ​ខ្វល់ខ្វាយ​ពី​សក់​របស់​ខ្លួន​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;