ប្រទេស៣រួមគ្នា​ជំរុញ​ហេដ្ឋារចនាសម្ពន្ធ​នៅ​ឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បីតទល់​នឹងឥទ្ធិពលចិន

  • 2018-07-31 06:29:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហរដ្ឋ​អាមេរិក អូស្ត្រាលី និង​ជប៉ុន នឹង​រួម​គ្នា​វិនិយោគ​លើ​គម្រោង​ហេដ្ឋារចនាសម្ពន្ធ​នៅ​ឥណ្ឌូ-ប៉ាស៊ីហ្វិក ក្នុង​គោល​បំណង​ប្រឆាំង​នឹង​មហិច្ឆតា​ចិន ដែល​ព្យាយាម​ជះ​ឥទ្ធិពល​ទៅ​លើ​តំបន់។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ផ្ដល់​កម្ចី​ឲ្យ​បណ្ដា​ប្រទេស​ជា​ច្រើន​នៅ​អាស៊ី ក្នុង​ចំនួន​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ជា​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​នៃ​គម្រោង "គំនិត​ផ្ដួចផ្ដើម​ផ្លូវ​មួយ ខ្សែ​ក្រវាត់​មួយ" ហើយ​ក្នុង​នោះ​ក៏​មាន​ប្រទេស​ដី​កោះ​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ផង​ដែរ។

ពាក់ព័ន្ធ​នឹង​រឿង​នេះ រដ្ឋាភិបាល​អូស្ត្រាលី បាន​បង្ហាញ​ពី​ក្ដី​បារម្ភ កាល​ពី​ប៉ុន្មាន​ខែ​ថ្មីៗ​កន្លង​ទៅ​ដែល​ថ ប្រទេស​តូចៗ​មួយ​ចំនួន​ប្រហែល​ជា​អាច​ជាប់​អន្ទាក់​របស់​ចិន ជ្រុល​ខ្លួន​ក្នុង​បំណុល​ដែល​សង​មិន​ចេះ​ចប់​មិន​ហើយ។ លោក​ស្រី Julie Bishop រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី បាន​និយាយ​ថា ការ​ចាប់​ដៃ​គូ​ជា​ត្រី​ភាគី (អូស្ត្រាលី-អាមេរិក-ជប៉ុន) នឹង​ជំរុញ​ចលនា​គម្រោង​វិនិយោគ ហើយ​អាច​បង្កើត​ជា​កំណើន​សេដ្ឋកិច្ច និង​ឱកាស​ជា​ច្រើន​នៅ​ឥណ្ឌូ-ប៉ាស៊ីហ្វិក។ "ការ​វិនិយោគ​ល្អៗ​កើត​ចេញ​ពី​តម្លាភាព ការ​ប្រកួត​ប្រជែង​បើក​ចំហ និរន្តរភាព ការ​ប្រកាន់​ខ្ជាប់ខ្ជួន​នូវ​ស្ដង់ដារ​ពិភពលោក និង​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ក្នុង​ប្រទេស ដោយ​ជៀសវាង​នូវ​រនាំង​បំពុល​ដែល​គ្មាន​ដែន​កំណត់" នេះ​ជា​ការ​រៀបរាប់​របស់​លោក​ស្រី​រដ្ឋមន្ត្រី។

សូម​បញ្ជាក់​ថា កាល​ពី​ដើម​ខែ​កក្កដា ឆ្នាំ​២០១៨ នេះ ចិន​បាន​ប្រកាស​ថា ខ្លួន​កំពុង​រៀបចំ​គម្រោង​កិច្ច​ប្រជុំ​ជា​លើក​ដំបូង​មួយ រវាង​លោក ស៊ី ជីនពីង និង​បណ្ដា​មេ​ដឹក​នាំ​ប៉ាស៊ីហ្វិក មុន​នឹង​ការ​ប្រព្រឹត្ត​ទៅ​នៃ​វេទិកា​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅ​ក្នុង​ប្រទេស​ប៉ាពួញហ្គីណេ នៅ​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ខាង​មុខ៕

ប្រភព៖ Business Times ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;