សំណុំរឿងគ្រូពេទ្យដែលចាក់ថ្នាំចម្លងអេដស៍ នឹងត្រូវជំនុំជំរះនៅតុលាការកំពូល នាថ្ងៃ៨សីហា
- 2018-08-03 12:05:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សំណុំរឿងគ្រូពេទ្យដែលចាក់ថ្នាំចម្លងអេដស៍ នឹងត្រូវជំនុំជំរះនៅតុលាការកំពូល នាថ្ងៃ៨សីហា
ចន្លោះមិនឃើញ
ក្រុមប្រឹក្សាជំនុំជំរះរឿងក្តីព្រហ្មទណ្ឌនៃតុលាការកំពូល នឹងបើកសវនាការសំណុំរឿងបណ្តឹងសារទុក្ខ របស់គ្រូពេទ្យ យ៉ែម ជ្រិន ដែលបានចាក់ថ្នាំធ្វើឲ្យអ្នកភូមិរកា ស្រុកសង្កែ ខេត្តបាត់ដំបង ប្រមាណ១២២នាក់ ឆ្លងមេរោគអេដស៍ ទៅជំនុំជំរះ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់តុលាការកំពួលដែលអ្នកសារព័ត៌មានទទួលបាននៅថ្ងៃទី៣សីហានេះ។
គួររំលឹកថា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ សាលាដំបូងខេត្តបាត់ដំបង បានបើកសវនាការ ជំនុំជំរះ សំណុំរឿងគ្រូពេទ្យដែលចាក់ថ្នាំចម្លងរោគអេដស៍ ដល់អ្នកភូមិសង្កែ រយៈពេល ២ថ្ងៃ។ នៅក្នុងសវនាការនេះ ដើមបណ្តឹងដែលជាអ្នកភូមិរងគ្រោះ ត្រូវបានចៅក្រមហៅឡើងសាកសួរម្តងម្នាក់ៗ ពាក់ព័ន្ធនឹងដំណើរដើមទង ដែលបណ្តាលឲ្យពួកគាត់ឆ្លងមេរោគអេដស៍។ ជាមួយគ្នានោះដែរ ជនជាប់ចោទ យ៉ែម ជ្រិន ក៏ត្រូវបានចៅក្រមហៅឡើងសាកសួរផងដែរ ពាក់ព័ន្ធនឹងការចោទប្រកាន់របស់ដើមបណ្តឹង។
ក្នុងសវនាការ ជនជាប់ចោទ យ៉ែម ជ្រិន បានសារភាពថា កន្លែងពិនិត្យសុខភាពរបស់គាត់ គឺពុំមានសុំច្បាប់អនុញ្ញាតឡើយ ហើយជនជាប់ចោទ គឺគ្រាន់តែចេះចាក់ថ្នាំបន្តិចបន្តួចប៉ុណ្ណោះ។ ការព្យាបាលអ្នកភូមិគឺដោយសារតែជនជាប់ចោទ មានការអាណិត ក៏ចេះតែព្យាបាលចាក់ថ្នាំអ្នកភូមិ ពីភូមិមួយទៅភូមិមួយ ប្រើម្ជុលរួមគ្នា ដោយសារតែមិនមានម្ជុលច្រើនដើម្បីចាក់ ទើបបណ្តាល ឲ្យមានសោកនាដកម្មដ៏ធំធេងដូច្នេះ។ ជាងនេះទៅទៀតនោះ សូម្បីតែបងប្អូនជន ជាប់ចោទផ្ទាល់ ក៏ឆ្លងមេរោគអេដស៍ផងដែរ។
ទី១-បទ ឃាតកម្ម អំពើឃោរឃៅ តាមមាត្រា ២០៥ នៃក្រមព្រហ្មទណ្ឌ។
ទី២-ការប្រព្រឹត្តចម្លងមេរោគអេដស៍ទៅអ្នកដទៃតាមមាត្រា១៨ និងមាត្រា៥០ នៃច្បាប់ស្តីពីការបង្ការ និងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍។
និងទី៣-បទធ្វើអាជីវកម្មពេទ្យដោយគ្មានការអនុញ្ញាត។
ក្រោយពីបើកសវនាការជំនុំជំរះ នៅថ្ងៃទី៣ធ្នូ ឆ្នាំ២០១៥ សាលាដំបូងខេត្តបាត់ដំបង បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសជនជាប់ចោទ យ៉ែម ជ្រិន ដាក់ពន្ធនាគារកំណត់ ២៥ឆ្នាំ និងពិន័យប្រាក់ឱ្យបង់ចូលថវិការដ្ឋចំនួន៥លានរៀល តាមសេចក្ដីចោទប្រកាន់ទាំង៣ខាងលើ។ ក្រោយមក ជនជាប់ចោទបានប្ដឹងឧទ្ធរណ៍ និងស្នើឱ្យសាលាឧទ្ធរណ៍បន្ធូរបន្ថយទោស។ នៅថ្ងៃទី១៧សីហា ឆ្នាំ២០១៧ សាលាឧទ្ធរណ៍បានសម្រេចតម្កល់ទោសជនជាប់ចោទ យ៉ែម ជ្រិន ឱ្យនៅដដែល ទើបជនត្រូវចោទបានប្ដឹងសារទុក្ខឡើងតុលាការកំពូល៕