គ.ជ.ប ប្រតិកម្មចំពោះការចោទប្រកាន់របស់លោក ខឹម វាសនា មកលើមន្ត្រីបោះឆ្នោត
- 2018-08-03 13:09:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ.ជ.ប ប្រតិកម្មចំពោះការចោទប្រកាន់របស់លោក ខឹម វាសនា មកលើមន្ត្រីបោះឆ្នោត
ចន្លោះមិនឃើញ
ក្រុមប្រតិកម្មព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៣សីហានេះ បានច្រានចោលចំពោះការលើកឡើងរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដែលបាននិយាយថា «គណៈកម្មការការិយាល័យបោះឆ្នោត រួមគំនិតជាមួយអាជ្ញាធរ ធ្វើការគាបសង្កត់ភ្នាក់ងារគណបក្សនយោបាយ ដែលសង្កេតមើលការបោះឆ្នោត និងរាប់សន្លឹកឆ្នោតនៅតាមការិយាល័យ»។ ការថ្លែងដូច្នេះរបស់លោក ខឹម វាសនា ធ្វើឡើង ក្នុងបទសម្ភាសជាមួយវិទ្យុបារាំង RFI កាលពីរាត្រីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨។
ក្រុមប្រតិកម្មព័ត៌មាន បានហៅការលើកឡើងនេះថា ជាការចោទប្រកាន់គ្មានភស្តុតាង ពីព្រោះថា រហូតមកដល់ពេលនេះ គ.ជ.ប មិនបានទទួលពាក្យបណ្តឹង ឬព័ត៌មានណាមួយទាក់ទងនឹងករណីនេះឡើយ។ គ.ជ.ប នឹងធ្វើការស្រាវជ្រាវ ប្រសិនបើ LDP មានភស្តុតាង និងមានព័ត៌មានគ្រប់គ្រាន់។
គ.ជ.ប ក៏បានបញ្ចេញប្រតិកម្មទៀតដែរថា ចំពោះការចាប់វាយខ្នោះ គឺជាការនិយាយបំផ្លើស ពីព្រោះថា នៅការិយាល័យបោះឆ្នោត នៃឃុំចំនួន៣ ក្នុងខេត្តកំពង់ធំ ភ្នាក់ងារគណបក្សនយោបាយរបស់ LDP បានធ្វើការរំខានដល់ដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត ទោះបីមានការណែនាំច្រើន លើកច្រើនសារ ពីប្រធានការិយាល័យរាប់សន្លឹកឆ្នោតក៏ដោយ។ អ៊ីចឹងហើយ ទើប មន្ត្រីការិយាល័យបានអញ្ជើញភ្នាក់ងារសន្តិសុខបោះឆ្នោត ឱ្យនាំភ្នាក់ងារដែលរំខាននោះចេញពីការិយាល័យ ដោយពុំមានការចាប់ចង ឬដាក់ខ្នោះទេ។
ចំពោះការអះអាងរបស់លោក ខឹម វាសនា ដែលថា «ប្រជាពលរដ្ឋចេញទៅបោះឆ្នោតយ៉ាងច្រើនបំផុតត្រឹម ៧០% ប៉ុណ្ណោះ» ត្រូវបាន គ.ជ.ប បានចោទសួរថា តើសំអាងលើហេតុផលអ្វី ហើយស្នើឱ្យបំភ្លឺ ពីព្រោះថា តាមការប្រកាសលទ្ធផលបឋមរបស់ គ.ជ.ប បន្ទាប់ពីបានទទួលរបាយការណ៍ ពីគ្រប់ការិយាល័យបោះឆ្នោត អត្រានៃប្រជាពលរដ្ឋដែលបានអញ្ជើញទៅបោះឆ្នោត កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ មានចំនួន ៨២,៨៩%។
ចំណុចមួយទៀតដែលលោក ខឹម វាសនា បាននិយាយដែរនោះគឺ «មានការហាមឃាត់ពីសំណាក់ប្រធានការិយាល័យបោះឆ្នោត មិនឱ្យថតសកម្មភាពដំណើរការរាប់សន្លឹកឆ្នោត»។ ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានបញ្ជាក់ថា មានមន្ត្រីការិយាល័យបោះឆ្នោតមួយចំនួនតូច អនុវត្តមិនបានល្អចំពោះករណីថតរូបនេះ ប៉ុន្តែបន្ទាប់ពីមានការធ្វើអន្តរាគមន៍ របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត សកម្មភាពថតក៏ត្រូវបានដំណើរការជាធម្មតាឡើងវិញ។
គ.ជ.ប បានទទួលបណ្តឹងពី LDP ចំនួន ២៥៩២បណ្តឹង ក្នុងនោះបណ្តឹងដែលពាក់ព័ន្ធ នឹងគំនូសសញ្ញានៅលើសន្លឹកឆ្នោត មានរហូតដល់ទៅ ២៤៩៣បណ្តឹង ហើយបណ្តឹងដែលពាក់ព័ន្ធ នឹងការផ្តន្ទាទោសមានចំនួនត្រឹមតែ ៩៩បណ្តឹង សម្រាប់ ៩៩ការិយាល័យ នៃការិយាល័យបោះឆ្នោត សរុបចំនួន ២២ ៩៦៧។ ហេតុនេះ គ.ជ.ប បានហៅការនិយាយរបស់លោក ខឹម វាសនា ក្នុងកិច្ចសម្ភាសនោះថា មិនឆ្លុះបញ្ចាំងពីការពិតនៃបណ្តឹងដែល LDP បានប្តឹងភាគច្រើនលើសលុបពីគំនូសសញ្ញាគាំទ្រគណបក្សនយោបាយ នៅលើសន្លឹកឆ្នោតនោះទេ៕