ហ្វីលីពីន អបអរ​កម្ពុជា ចំពោះ​ភាពជោគជ័យនៃការបោះឆ្នោត​

  • 2018-08-06 01:49:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ហ្វីលីពីន បាន​អបអរ​សាទរ​កម្ពុជា ចំពោះ​ភាពជោគជ័យនៃការ​បោះឆ្នោត​កាល​ពី​ថ្មី​ៗ​នេះ និង​បង្ហាញ​បំណង​ក្នុង​ការ​ធ្វើ​ការ​ជាមួយ​នឹង​រដ្ឋាភិបាល​ឈ្នះ​ឆ្នោត​ថ្មី​។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ភ្នាក់ងារ​សារព័ត៌មាន​ចិន Xinhua កាល​ពី​ថ្ងៃ​ទី ០៥ ​សីហា​ម្សិល​មិញ​ ​រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន លោក Alan Peter Cayetano បាន​និយាយថា «​ជំនួស​មុខ​ឲ្យ​លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte និង​ប្រជាជន​ហ្វីលីពីន ខ្ញុំ​សូម​អបអរ​សាទរ​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រជាជន​កម្ពុជា ចំពោះ​ការ​បោះឆ្នោត​ជាតិ​របស់​ខ្លួន ដែល​ប្រព្រឹត្តិ​ទៅ​ដោយ​សន្តិភាព និង​រៀបរយ កាល​ពី​ថ្មី​ៗ​កន្លង​ទៅ​នេះ។

លោក Alan Peter Cayetano ថ្លែង​នាពេលកន្លង​មក។ រូប​ថត៖ Reuters
លោក​ប្រមុខ​ការទូត​ហ្វីលីពីន​រូប​នេះ បាន​បន្ត​ទៀត​ថា ហ្វីលីពីន​ នៅ​តែ​រក្សា​ជំហរ​ដដែល​ ក្នុង​ការ​ធ្វើ​ការ​ជាមួយ​រាជរដ្ឋាភិបាល​ជាប់​ឆ្នោត​ថ្មី ដើម្បីបង្កើន​ចំណង​ទំនាក់ទំនង​ឲ្យកាន់​តែ​ជិតស្និទ្ធ និង​កិច្ច​សហប្រតិបត្តិការ​ឲ្យកាន់តែស៊ីជម្រៅ​ ទាំង​ទ្វេភាគី​ ថ្នាក់​តំបន់ និង​អន្តរជាតិ។

យោង​តាម​លទ្ធផល​បឋម​របស់​គជប​កម្ពុជា បក្ស​កាន់​អំណាច​ CPP របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​ឈ្នះ​ការបោះឆ្នោត​ដោយ​មតិភាគច្រើន នៅ​ក្នុង​ការបោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​នីតិការ​ទី៦​នេះ។

គួរ​បញ្ជាក់​ថា គជប​​ បាន​ប្រកាស​ថា លទ្ធផល​ព្យាករណ៍​នៃ​ការបោះឆ្នោត​នេះ នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី ១១ ​សីហា​ខាង​មុន ចំណែក​ឯ​លទ្ធផល​ផ្លូវការ នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី ១៥ សីហា ឆ្នាំ​២០១៨៕

ប្រភព៖ Xinhua ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;