ម្ចាស់បទ "វាយម៉ាលុយ" ប្រាប់ពីដើមហេតុដែលប្រឡូកចូលក្នុងវិស័យចម្រៀង
- 2018-08-06 09:48:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ចាស់បទ "វាយម៉ាលុយ" ប្រាប់ពីដើមហេតុដែលប្រឡូកចូលក្នុងវិស័យចម្រៀង
ចន្លោះមិនឃើញ
"វាយម៉ាលុយ" ជាបទចម្រៀងដែលនិពន្ធ និងបកស្រាយដោយកញ្ញា តី ហើយវាកំពុងមានការពេញនិយមសម្រាប់យុវវ័យនាពេលបច្ចុប្បន្ន។
មុនមានឈ្មោះជាតារាចម្រៀង កញ្ញា តី គឺជាអ្នករាំចង្វាក់ Hip Hop របស់តារាចម្រៀងល្បីឈ្មោះ មាស សុខសោភា ហើយនាងក៏មានក្រុមរាំផ្ទាល់ខ្លួនផងដែរ។
ពាក់ព័ន្ធនឹងដើមទងនៃការបង្កើតបទ "វាយម៉ាលុយ" កញ្ញា តី បានប្រាប់ថា វាបានកើតចេញពីបាច់លុយដុល្លារមួយដុំ ដែលអ្នកគាំទ្របានជូនទៅឲ្យ មាស សុខសោភា។ ដោយហេតុតែជាមនុស្សចូលចិត្តលេងសប្បាយ គ្រាន់តែឃើញដុំលុយនោះភ្លាម តី បានយកទៅកាន់លេង ហើយចាប់ផ្ដើមច្រៀងលំនាំបទរ៉េប ដោយយកឈ្មោះខ្លួនឯងមកច្រៀងលេង។
តារាពន្លកថ្មីរូបនេះ បានកាន់គ្រវីបាច់លុយនោះលេងបណ្ដើរ ច្រៀងបណ្ដើរ ហើយមានមិត្តភ័ក្ដិថតវីដេអូយកទៅបង្ហោះក្នុងកម្មវិធីទូរសព្ទមួយ។ មិនយូរប៉ុន្មានក៏មានអ្នករៀនច្រៀងត្រាប់តាម ហើយមានអ្នកស្នើឲ្យនាងផលិតវាចេញជាចម្រៀងតែម្ដង។
តី បាននិយាយថា៖ "នេះជារឿងអភូតហេតុពិតមែន ខ្ញុំមិនដែលនឹកស្មានថាអាចមានការគាំទ្រ ហើយក្លាយជាតារាចម្រៀងនោះទេ"។ បើទោះជាផ្លាស់ខ្លួនជាតារាចម្រៀង បច្ចុប្បន្ន តី មិនបោះបង់ចោលអាជីពជាអ្នករាំឡើយ ហើយនាងនៅតែហ្វឹកហាត់ផ្នែកនេះបន្តទៀត។
ជាចុងក្រោយ តី បានឲ្យដឹងថា នាពេលខាងមុខ នាងនឹងបញ្ចេញបទចម្រៀងថ្មីៗជាច្រើនបទទៀត ដែលកំពុងស្ថិតនៅក្នុងដំណើរការរៀបចំផលិតហើយ។ "បទថ្មីក្រោយៗទៀត ក៏ធានាថា នឹងកាន់តែសប្បាយរីករាយ ខ្ញុំធានា" តី លើកឡើង៕