ទំនាក់ទំនង​អារ៉ាប៊ីសាអូឌី-កាណាដា កាន់តែ​អាក្រក់ ខណៈ​ផ្ទុះ​ការ​គំរាម​វាយ​ប្រហារ​កាណាដា

  • 2018-08-07 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​អារ៉ាបីសាអូឌី កាលពី​ថ្ងៃ​ទី៦ ខែ​សីហា ២០១៨ ម្សិលមិញ បាន​កោះ​ហៅ​អគ្គរាជទូត​របស់​ខ្លួន​ប្រចាំ​ប្រទេស​កាណាដា មក​អារ៉ាប៊ីសាអូឌី​វិញ ហើយ​បាន​បណ្ដេញ​អគ្គរដ្ឋទូត​កាណាដា​ប្រចាំ​អារ៉ាប៊ីសាអូឌី លោក Dennis Horak ឲ្យ​ចាកចេញ​ក្នុង​រយៈពេល ២៤​ម៉ោង ដោយ​ដាក់​ឈ្មោះ​លោក​ថា "ជា​ជន​មិន​ស្វាគមន៍"។ ជាង​នេះ​ទៅ​ទៀត អារ៉ាប៊ីសាអូឌី​បាន​ផ្អាក​រាល់​ប្រតិបត្តិការ​វិនិយោគ និង​ជំនួញ​ថ្មីៗ​ទាំង​អស់​ជាមួយ​កាណាដា។

ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីទទួល​ស្វាគមន៍​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក នៅ​ក្រុង Riyadh ប្រទេស​អារ៉ាប៊ីសាអូឌី កាលពី​ឆ្នាំ​២០១៧ / រូបភាព៖ Reuters
ការ​ប្រកាស​របស់​អារ៉ាប៊ីសាអូឌី​ដូច្នេះ គឺ​ក្រោយ​លោក Chrystia Freeland រដ្ឋមន្រ្តី​ការបរទេស​កាណាដា បាន​រិះគន់​អារ៉ាប៊ីសាអូឌី ជុំវិញ​ការ​ចាប់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស និង​ស្នើ​ឲ្យ​មាន​ការ​ដោះលែង​ជា​បន្ទាន់។

ក្រោយ​ការ​ប្រកាស​ផ្អាក​​ទំនាក់ទំនង​ការទូត​របស់​អារ៉ាប៊ីសាអូឌីជាមួយ​កាណាដា អារ៉ាប៊ីសាអូឌី​បាន​ផ្អាក​ជើង​ហោះហើរ​ជា​ច្រើន ទៅ​កាន់​ក្រុង Toronto របស់​កាណាដា កាលពី​ថ្ងៃ​ទី៦ ខែ​សីហា ២០១៨ ម្សិលមិញ។ ជាមួយ​គ្នា​នេះ អារ៉ាប៊ីសាអូឌី​កំពុង​រៀបចំ​ផ្ទេរ សិស្ស និង​ក្រុម​គ្រសារ​របស់​ពួកគេ​ចំនួន ១២០០០​នាក់ ចេញ​ពី​កាណាដា ទៅ​កាន់​ប្រទេស​ផ្សេង​ទៀត ដូចជា​អាមេរិក​ជាដើម។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្រ្ដី​ជាន់ខ្ពស់​អារ៉ាប៊ីសាអូឌី។

ប៉ុន្ដែ​អ្វី​ដែល​គំរាម​ដល់​បញ្ហា​សន្ដិសុខ​នោះ​គឺ គណនី Twitter ដែល​មាន​ការ​ផ្ទៀងផ្ទាត់ (Verified) មួយ ដែល​មាន Follower ចំនួន ៣៥​ម៉ឺន​នាក់ បាន​បង្ហោះ​គំរាម​វាយ​ប្រហារ​អគារ CN Tower របស់​កាណាដា ដូច​ការ​វាយ​ប្រហារ​របស់​ថ្ងៃ​ទី១១ ខែ​កញ្ញា លើ​អគារ​ពាណិជ្ជកម្ម​ពិភពលោក នៅ​អាមេរិក។ ប៉ុន្ដែ ៦​ម៉ោង​ក្រោយ ការ​បង្ហោះ​នៅ​លើ​គណនី​នោះ ត្រូវ​បាន​លុប​ចោល​វិញ៕

អត្ថបទទាក់ទង៖ អារ៉ាប៊ីសាអូឌី ដេញ​ទូត​កាណាដា​ឲ្យ​ចាកចេញ​ក្នុង ២៤​ម៉ោង

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;