អាមេរិក គ្រោងតែងតាំងមន្រ្តីជាន់ខ្ពស់ការបរទេស ជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជា
- 2018-08-12 02:42:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាមេរិក គ្រោងតែងតាំងមន្រ្តីជាន់ខ្ពស់ការបរទេស ជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជា
ចន្លោះមិនឃើញ
រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គ្រោងតែងតាំងលោក W. Patrick Murphy ជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សេតវិមានអាមេរិក កាលពីថ្ងៃទី១០ សីហា ២០១៨។
ប្រសិនបើសំណើតែងតាំងថ្មីនេះ ត្រូវបានព្រឹទ្ធសភាសហរដ្ឋអាមេរិកយល់ព្រម នោះលោក W. Patrick Murphy នឹងត្រូវជំនួសលោក William Heidt ឯកអគ្គរដ្ឋទូតបច្ចុប្បន្នរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដែលត្រូវផុតអាណត្តិនៅពេលឆាប់ៗខាងមុខ។ ប៉ុន្តែសេចក្តីថ្លែងការណ៍នោះមិនបានបញ្ជាក់អំពីពេលវេលាលម្អិតនៃដំណើរការតែងតាំងឯកអគ្គរដ្ឋទូតថ្មីនេះទេ។
លោក Murphy មានដើមកំណើតពីរដ្ឋ Vermont នៅភាគឦសានសហរដ្ឋអាមេរិក ហើយបានបម្រើការអស់រយៈពេលជាង២៥ឆ្នាំនៅក្នុងក្រុមបុគ្គលិកកិច្ចការការទូតជាន់ខ្ពស់ (Senior Foreign Service) ដោយរួមមានតួនាទីជាឧបការីរងរដ្ឋមន្ត្រីនៅការិយាល័យកិច្ចការអាស៊ីខាងកើត និងប៉ាស៊ីហ្វិកពីឆ្នាំ២០១៦ដល់២០១៨។
លោកជាអនុប្រធានបេសកកម្មនិងភារធារីនៅទីស្ថានទូតក្នុងក្រុងបាងកកប្រទេសថៃ ពីឆ្នាំ២០១៣ដល់២០១៦ និងជាអ្នកតំណាងស្តីទីពិសេសនិងជាអ្នកសម្របសម្រួលគោលនយោបាយនៅក្នុងស្ថានទូតប្រចាំប្រទេសភូមា(មីយ៉ានម៉ា)ពីឆ្នាំ២០១២ដល់២០១៣ ជាដើម។
បើតាមប្រវត្តិរូបនៅក្នុងសេចក្តីថ្លែងការណ៍នោះ លោក W. Patrick Murphy បានសញ្ញាបត្រថ្នាក់អនុបណ្ឌិតពីសាកលវិទ្យាល័យ Johns Hopkins University និងមហាវិទ្យាល័យយោធាជាន់ខ្ពស់ជាតិ National War College ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ លោក Murphy ថែមទាំងបានទទួលរង្វាន់ការងារជាច្រើន ហើយលោកចេះនិយាយភាសាបារាំង ភូមា ចិនកន្តាំង និងភាសាអេស្ប៉ាញ៕