នូវែលហ្សេឡង់​ ចេញច្បាប់ហាមឃាត់​ការលក់ផ្ទះ​ទៅឲ្យជនបរទេស​

  • 2018-08-16 12:36:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សភា​នូវែលហ្សេឡង់ កាល​ពី​ថ្ងៃ​ទី១៥ សីហា​ម្សិលមិញ បាន​អនុម័ត​ច្បាប់​មួយ​ស្ដី​ពី​ ការ​ហាមឃាត់​ជន​បរទេស មិន​ឲ្យ​ទិញ​ផ្ទះ​ក្នុង​ប្រទេស​របស់​ខ្លួន។

ច្បាប់​ដែល​ទទួល​បាន​សំឡេង​អនុម័ត ៦៣​ ទល់​នឹង ៥៧​នេះ គឺ​ត្រូវ​បាន​បង្កើត​ឡើង ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ផ្ទះ​ក្នុង​ប្រទេស​នេះ​មាន​តម្លៃ​សមរម្យ ដែល​អាច​ឲ្យ​ប្រជាជន​នូវែលហ្សេឡង់ មាន​លទ្ធភាព​ទិញ​សម្រាប់​រស់នៅ​បាន​។

ដំបូលផ្ទះ​ ថត​ពីលើ​អាកាស នៅ​ក្នុង​ប្រទេសនូវែលហ្សេឡង់ (រូបថត៖ Reuters)
ច្បាប់​ថ្មី​នេះ​ដែរ​ គឺ​អនុវត្ត​តែ​ទៅ​លើ​ជនបរទេស​ដែល​មិន​មាន​សញ្ជាតិ​នូវែលហ្សេឡង់​ប៉ុណ្ណោះ​ ប៉ុន្តែ​លើក​លែង​ចំពោះ​ប្រជាជន​មក​ពី​ប្រទេស​​ចំនួន​ ២ គឺ​សិង្ហបុរី និង​អូស្ត្រាលី។ ការ​លើក​លែង​នេះ គឺ​ដោយសារ​តែ ប្រទេស​ទាំង​៣ (នូវែលហ្សេឡង់-អូស្ត្រាលី-សិង្ហបុរី) មាន​​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​គ្នា​។

គួរ​បញ្ជាក់​ដែរ​ថា សព្វ​ថ្ងៃ​នេះ ប្រទេស​នូវែលហ្សេឡង់ កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​លំនៅឋាន​ ដែល​នាំ​ឲ្យប្រជាជន​របស់​ខ្លួន​ខ្វះ​លទ្ធភាព​ក្នុង​ការទិញ​ផ្ទះ​សម្រាប់​រស់​នៅ​បាន។

តើ​អ្វី​ជា​មូលហេតុ​ចម្បង​ ដែល​នៅ​ពី​ក្រោយ​ការ​បង្កើត​ច្បាប់​ថ្មី​នេះ?

ការ​ហាមឃាត់​នេះ​ គឺ​ធ្វើ​ឡើង បន្ទាប់​ពី​រដ្ឋាភិបាល​នូវែលហ្សេឡង់​ នា​ពេល​កន្លង​មក បាន​បង្ហាញ​ក្ដី​ព្រួយ​បារម្ភ​ថា ជន​បរទេស​ដែល​ទៅ​ទិញ​ផ្ទះ​នៅ​ក្នុង​ប្រទេស​ខ្លួន​ បាន និង​កំពុង​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​ទៅ​លើ​តម្លៃ​ផ្ទះ និង​ហេដ្ឋារចនាសម្ព័ន្ធ​។

យោង​តាម​ស្ថិតិ​របស់​រដ្ឋាភិបាល​នូវែលហ្សេឡង់ បាន​ឲ្យ​ដឹង​ថា ភាគ​ច្រើន​នៃ​អ្នក​ទិញ​ផ្ទះ​ដែល​ជា​ជនបរទេស​ គឺ​មក​ពី​ប្រទេស​ចិន និង​បណ្តាប្រទេស​ជិតខាង​អូស្ត្រាលី។

បើ​ពិត​ទៅ តម្លៃ​ផ្ទះ​ជាមធ្យម​នៅ​ក្នុង​ប្រទេស​នូវែលហ្សេឡង់​ បាន​កើន​ឡើង​យ៉ាងគំហុក​ គឺ​ដល់​ជាង ៦០% គិតត្រឹម​រយៈ​ពេល​ ១០​ឆ្នាំ​ចុង​ក្រោយ​នេះ។ ខណៈ​ដែល​តម្លៃ​ផ្ទះ​នៅ​ក្នុង​ទីក្រុង Auckland ដែល​ជា​ទីក្រុង​ធំ​បំផុត​ បាន​កើន​ឡើង​ដល់​ទៅ​ជិត​ ២​ដង​ឯណោះ។

យោង​តាម​របាយការណ៍​របស់​វិទ្យាស្ថាន​អចលនទ្រព្យ​នូវែលហ្សេឡង់ បាន​បង្ហាញ​ថា តម្លៃ​ផ្ទះ​មធ្យម​នៅ​ក្នុង​ទីក្រុង Auckland គឺ​មាន​តម្លៃ ៥៤៧ ០០០​ដុល្លារ ខណៈ​តម្លៃ​ផ្ទះ​មធ្យម​នៅ​ទូទាំង​ប្រទេស​ មាន​តម្លៃ ៣៦២ ១៧៥ដុល្លារ៕

ប្រភព៖ BBC | Straits Times ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;