អាមេរិក គ្រោង​បញ្ជូន​ពលរដ្ឋ​ខ្មែរ ៣០នាក់​ទៀត​មក​កម្ពុជា នៅ​សប្តាហ៍​ក្រោយ

  • 2018-08-17 04:28:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរ​សហរដ្ឋ​អាមេរិក​ នឹង​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​នៅ​អាមេរិក ៣០​នាក់​បន្ថែម​ទៀត​មក​កាន់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​​២២ ខែ​សីហា​ខាងមុខ។ នេះ​បើតាម​ឱ្យដឹង​ពីលោក តាន់ សូនិក នាយក​ប្រតិបត្តិ​អង្គការ​គាំពារ​ពលរដ្ឋ​ខ្មែរ​គ្មាន​ទីពឹង កាលពី​ថ្ងៃទី១៦​សីហា​ម្សិលមិញ។ ទោះជា​យ៉ាងណា លោក​ថា អង្គការ​របស់​លោក​នៅ​មិនទាន់​បាន​ទទួល​បញ្ជី​ឈ្មោះ ពី​អាជ្ញាធរ​អាមេរិក​នៅឡើយ​ទេ​រហូត​មក​ដល់ពេល​ផ្សាយ​នេះ។

លោក តាន់ សូនិក បញ្ជាក់​ថា រហូតមកដល់​ពេលនេះ មាន​ពលរដ្ឋ​ខ្មែរ​ចំនួន ៦៣៩​នាក់​ហើយ ដែល​ត្រូវ​បាន​អាជ្ញាធរ​អាមេរិក​បញ្ជូន​មក​ដល់​កម្ពុជា​វិញ ក្នុង​នោះ​មាន​បុរស​៦២៣​នាក់ និង​ស្ត្រី ១៦​នាក់។

លោក​បន្ថែម​ថា ការ​ប្រឈម​ខ្លាំង​នោះ គឺ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែល​ត្រលប់​មក​កម្ពុជា​វិញ​ហើយ​នោះ ខ្វះ​ការ​ជួយ​ជ្រោមជ្រែង​ពី​គ្រួសារ​នៅ​អាមេរិក និង​នៅ​ស្រុក​ខ្មែរ នៅ​ពេល​អ្នក​ត្រូវ​បញ្ជូន​ត្រលប់​មកវិញ​មាន​ចំនួន​កាន់តែ​ច្រើន​ឡើង។ ពលរដ្ឋ​ខ្មែរ​ទាំងនេះ​ខ្វះ​ចំណេះដឹង​ផ្នែក​វប្បធម៌ និង​ភាសា​ខ្មែរ ដែល​ធ្វើ​ឱ្យ​ពួកគេ​មានការ​លំបាក​ក្នុង​ការ​ធ្វើ​សមាហរណកម្ម សម្រប​ខ្លួន​ចូល​ទៅ​ក្នុង​សង្គម​ខ្មែរ។

យោង​តាម​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​អាមេរិក និង​រាជ​រដ្ឋាភិបាលកម្ពុជា​កាលពី​ឆ្នាំ​២០០២ សហរដ្ឋអាមេរិក​នឹង​បញ្ជូន​ពលរដ្ឋ​ខ្មែរ ដែល​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​នៅ​សហរដ្ឋអាមេរិក​មក​កាន់​ប្រទេស​កំណើត​វិញ ក្រោយ​ពី​ពួកគេ​បាន​ជាប់​ពន្ធនាគារ​នៅ​អាមេរិក​តាម​ការ​កំណត់​របស់​តុលាការ​រួចហើយ។ អ្នក​ដែល​ត្រូវ​បាន​និរទេស​ចេញ​ពី​អាមេរិក​ទាំងនោះ គឺ​ត្រូវតែ​ជា​អ្នក​មិន​ទាន់​មាន​សញ្ជាតិ​អាមេរិក ទោះបីជា​ពួកគេ​បាន​មក​រស់នៅ​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​យ៉ាង​ណា​ក្តី​។ ពួកគេ​ភាគច្រើន​មក​រស់នៅ​សហរដ្ឋអាមេរិក​តាំងពី​វ័យ​កុមារ មក​ជាមួយ​ឪពុកម្ដាយ​ក្នុង​ឋានៈ​ជា​ជនភៀសខ្លួន​ក្រោយ​របប​ខ្មែរក្រហម​បាន​ដួល​រលំ។ ក្នុង​ករណី​ពលរដ្ឋ​ខ្មែរ​ដែល​មាន​សញ្ជាតិ​អាមេរិក​ហើយ ក្រោយ​ពេល​ជាប់ទោស ពួកគេ​នឹង​មិន​អាច​ត្រូវ​បាន​បញ្ជូន​ចេញ​ពី​ប្រទេស​អាមេរិក​ឡើយ នេះ​បើ​ផ្អែក​តាមច្បាប់​អាមេរិក។

លោក អេរិន ឆ្វាតជេស (Arend Zwartjes) អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​​នៅ​រាជធានី​ភ្នំពេញ បាន​ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិកត្រូនិច​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា សហរដ្ឋអាមេរិក​នឹង​បន្ត​ធ្វើការ​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ទទួល​យក​ពលរដ្ឋ​កម្ពុជា​ដែល​ពុំ​មាន​សិទ្ធិ​រស់នៅ​ក្នុង​សហរដ្ឋអាមេរិក។

បុរសម្នាក់ដើរកាត់មុខស្ថានទូតអាមេរិកប្រចាំរាជធានីភ្នំពេញ នាពេលកន្លងមក។ រូបថត៖ Reuters
លោក​បន្ថែម​ទៀត​ថា ស្ថានទូត​សហរដ្ឋអាមេរិក បាន​ផ្តល់​ជំនួយ​ឧបត្ថម្ភ​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ឈ្មោះថា អង្គការ​គាំពារ​ពលរដ្ឋ​ខ្មែរ​គ្មាន​ទីពឹង ឬ​ហៅ​កាត់​ថា​ខ្វាវ (KVAO) ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​បាន​បញ្ជូន​មក​វិញ​ទាំងនេះ ធ្វើ​ការ​សម្រប​ខ្លួន​ក្នុង​ការរស់នៅ​ក្នុង​សង្គម​កម្ពុជា។

លោក​ឧត្ដមសេនីយ៍ ម៉ៅ ចាន់តារា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ក្រសួង​មហាផ្ទៃ ថ្មីៗ​នេះ ត្រូវ​បាន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ស្រង់​សំដី​ចុះផ្សាយ​ថា សមត្ថកិច្ច​កម្ពុជា​មាន​ការ​ខ្វះខាត​សម្ភារៈ​និង​អាគារ​សម្រាប់​ទទួល​ជនជាតិ​ខ្មែរ​ដែល​អាជ្ញាធរ​អាមេរិក​បញ្ជូន​មកវិញ ដួច​នេះ​ធ្វើ​ឱ្យ​មាន​ការ​លំបាក​ខ្លាំង ក្នុង​ការ​ធ្វើ​សមាហរណកម្ម​ពួកគេ​ទៅ​ក្នុង​សង្គម​កម្ពុជា។ លោក​ថា ភាគី​កម្ពុជា​បាន​ស្នើ​ទៅ​ខាង​ភាគី​អាមេរិក​អោយ​ជួយ​ផ្ដល់​នូវ​អ្វី​ដែល​កម្ពុជា​ត្រូវការ តែ​រហូត​មក​ដល់​ពេល​នេះ កម្ពុជា​នៅតែ​មិន​ទាន់​បាន​ទទួល​ការ​ឆ្លើយតប​ណាមួយ​ពី​ភាគី​សហរដ្ឋអាមេរិក​នោះ​នៅឡើយ​ទេ៕

ប្រភព៖ Radio Free Asia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;