លោក មហាធៀ ចង់​ឲ្យម៉ាឡេស៊ី រៀនសូត្រ​ពីចិន ទៅលើវិស័យមួយ

  • 2018-08-20 03:05:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហាធៀ មហាម៉ាត់ បាន​និយាយ​កាល​ពី​ថ្ងៃ​ទី ១៩ សីហា​ម្សិល​មិញ​ ថា ​លោក មាន​បំណង​ចង់​ឲ្យ​ម៉ាឡេស៊ី​ រៀន​សូត្រ​ពី​ចិន​ ទៅលើ​វិស័យ​បច្ចេកវិទ្យា។

ថ្លែង​នៅ​ក្នុង​កិច្ច​សម្ភាស​ន៍ជាមួយ​ទីភ្នាក់ងារសារព័ត៌មាន​ចិន CGTN លោក​មហាធៀ បាន​លើក​ឡើង​ថា «ចិន បាន​បង្កើត​នូវ​ប្រព័ន្ធ​ និង​បច្ចេកវិទ្យាថ្មីៗ​ជាច្រើន ដែល​ពួក​វា បាន​ជួយ​លើក​កម្ពស់​ដល់​ដំណើរការ​សេដ្ឋកិច្ច​ និង​ធនធាន​ទ្រព្យ​សម្បត្តិ​របស់​ចិន​។ យើង​ចង់​រៀន​សូត្រ​ពី​ចិន ​ទៅ​លើ​វិស័យ​នេះ។ ដូច្នេះ​យើង​ក៏​អាច​សម្រេច​ជោគជ័យ​សម្រាប់​ប្រទេស​យើង​ផង​ដែរ​»។

លោក មហាធៀ ថ្លែង​នៅក្នុង​កិច្ច​សម្ភាស​ន៍ជាមួយ​ទីភ្នាក់ងារសារព័ត៌មាន​ចិន CGTN កាល​ពី​ថ្ងៃ​ទី ១៩ សីហា ឆ្នាំ​២០១៨ (រូបថត៖ CGTN)
ជាមួយ​គ្នា​នេះ​ លោក​នាយករដ្ឋមន្ត្រី​វ័យ ៩៣ឆ្នាំ​រូប​នេះ បាន​លើក​សរសើរ​ដល់លោក Jack Ma ស្ថាបនិក​ក្រុមហ៊ុន​ Alibaba ថា គំនិត​របស់​លោក Ma បាន​ផ្ដល់​វិភាគទាន​ជាច្រើន​ដល់​វិស័យ​ជំនួញ​ ជាពិសេស​ គឺ​បាន​ជួយ​ទៅ​ដល់​ឧស្សាហកម្ម​ធន​តូច។ លោក រំពឹង​ថា សហគ្រាស​ធន​តូច និង​មធ្យម​របស់​ម៉ាឡេស៊ី អាច​​ទទួល​បាន​ផលប្រយោជន៍​ពី​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន Alibaba ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឌីជីថល​ ក្នុង​ប្រទេស​នេះ​។

គួរ​រម្លឹក​ដែរ​ថា កាល​ពី​ខែ​មិថុនា​កន្លង​ទៅ ក្រុម​ហ៊ុន Alibaba បាន​បើក​ការិយាល័យ​ថ្មី​មួយ​ នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ដែល​ជា​ការិយាល័យ​ដំបូង​គេ​បង្អស់​ នៅ​ក្នុង​តំបន់​អាស៊ាន​។

សូម​ជម្រាប​បន្តិច​ថា មុន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ប៉េកាំង លោក​មហាធៀ ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ចិន បាន​អញ្ជើញ​ទៅ​កាន់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Alibaba និង​ក្រុមហ៊ុន​ផលិត​យានយន្ត​ឈាន​មុខ​មួយ​របស់​ចិន ​គឺ​ Geely កាល​ពី​ថ្ងៃ​សៅរ៍​កន្លងទៅ​៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;