LDP និង GDP បដិសេធមិនចូលវេទិកាពិគ្រោះយោបល់ រវាងរដ្ឋាភិបាល និងគណបក្សនយោបាយ
- 2018-08-20 09:51:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
LDP និង GDP បដិសេធមិនចូលវេទិកាពិគ្រោះយោបល់ រវាងរដ្ឋាភិបាល និងគណបក្សនយោបាយ
ចន្លោះមិនឃើញ
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) បានប្រកាសបដិសេធមិនចូលរួមក្នុងវេទិកាពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាល និងគណបក្សនយោបាយ ដែលស្នើដោយសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជានោះទេ។
លោក កូវ គា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ LDP បានប្រាប់កាសែតភ្នំពេញប៉ុស្ដិ៍ កាលពីថ្ងៃទី១៩ ខែសីហាម្សិលមិញនេះថា៖ "យើងសម្រេចអត់ចូលរួមនៅក្នុងវេទិកាពិភាក្សាហ្នឹងទេ។ ដោយយើងឈរលើហេតុផល ២ យ៉ាងគឺទីមួយ ១២៥ កៅអី (របស់CPP) បើវាត្រឹមត្រូវគឺវាបង្ហាញនូវឆន្ទៈ ស្មារតី និងគោលជំហររបស់ប្រជាពលរដ្ឋខ្មែរដែលពេញចិត្តអំពីគោលនយោបាយរបស់គណបក្សប្រជាជន អ៊ីចឹងវាគឺជាការគោរពស្មារតីរបស់យើងចំពោះប្រជាពលរដ្ឋដែលគាត់ស្ម័គ្រចិត្តបែបនេះ។ ទី ២ សម្ដេចខ្លួនឯងក៏គាត់បានលើកដែរថា រាល់ការចូលរួមផ្តល់យោបល់របស់គណបក្សនយោបាយគឺអត់ឲ្យប៉ះពាល់ដល់គោលនយោបាយរបស់គណបក្សប្រជាជនទេ អ៊ីចឹងដើម្បីគោរពស្មារតី គោលជំហរប្រជាពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនផង និងលក្ខខណ្ឌដែលសម្ដេចបានដាក់ផង យើងសម្រេចថាមិនចូលរួមទេ ពីព្រោះយោបល់របស់យើងនឹងមិនចេញទៅជាអ្វីទេ"។
ជុំវិញការបដិសេធរបស់គណបក្សទាំង២ ខាងលើ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់កាសែតភ្នំពេញប៉ុស្ដិ៍ថា៖ "យើងនៅតែមានសមានចិត្តដើម្បីប្រមូលផ្ដុំកម្លាំងជាបញ្ញាញាណដើម្បីយកមកកែច្នៃ ធ្វើឲ្យកម្មវិធីនយោបាយរបស់គណបក្សប្រជាជន កាន់តែមានលក្ខណៈសុក្រឹតថែមទៀត។ ក្នុងករណីចាំបាច់ដូចសម្ដេចនាយករដ្ឋមន្ត្រីលោកបានមានប្រសាសន៍ថា ចង់ប្រមូលផ្ដុំនូវធាតុចូល ដើម្បីធ្វើយ៉ាងណាឲ្យមានបញ្ញាញាណសរុបឲ្យការដឹកនាំវាមានប្រសិទ្ធភាព។ វាជាគោលបំណងល្អរបស់យើង បើគាត់ចូល យើងស្វាគមន៍ បើគាត់មិនចូលវាជាសិទ្ធិរបស់គាត់ទេ វាគ្មានបញ្ហាអ្វីទេ"។
សូមបញ្ជាក់ថា សម្ដេច ហ៊ុន សែន បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់សម្ដេចថា នៅថ្ងៃទី២១ ខែសីហា ២០១៨ ស្អែកនេះ សម្ដេចនឹងជួបប្រជុំ ព្រមទាំងពិសារអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំមកពីគណបក្សនយោបាយនានា នៅវិមានសន្តិភាព។ ការជួបជុំនេះ គឺដើម្បីពិភាក្សាគ្នាពីការបង្កើត “ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់” រវាងរាជរដ្ឋាភិបាល និងគណបក្សនយោបាយអស់ ដែលបានចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៦ នាពេលកន្លងមក៕