សកម្ម​ជន​ដីធ្លី​បឹង​កក់​ចំនួន​៤នាក់ ត្រូវបានលើក​លែង​ទោស​ នៅថ្ងៃនេះ

  • 2018-08-20 14:06:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រះ​ករុណា​ព្រះបាទ​សម្តេច​ព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា នៅថ្ងៃ​ទី២០ ខែ​សីហា ឆ្នាំ​២០១៨ នេះ​បាន​ចេញ​ព្រះ​រាជ​ក្រឹត្យ​លើក​លែង​ទោសសកម្ម​ជន​ដីធ្លី​បឹង​កក់ចំនួន៤នាក់គឺ ​អ្នកស្រី ទេព វន្នី អ្នក​ស្រី ហេង មុំ អ្នក​ស្រី បូ ឆវី និង​អ្នកស្រី ហេង ចន្ថា។

អ្នកទាំង៤ ត្រូវ​បាន​តុលាការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនា​គារ​ពី​បទ ប្រមាទ​អ្នក​រាជ​ការ​សាធារណៈ និង បទ​ប្រឆាំង​អ្នក​រាជ​ការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់​ទោស កាល​ពីចុង​ឆ្នាំ ២០១៧។​

ភ្លាមៗ​ក្រោយ​ព្រះ​មហាក្សត្រ​ចេញ​ព្រះរាជ​ក្រឹត្យ លោក គុជ គឹមឡុង ព្រះ​រាជ​អាជ្ញា​រង​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ដោះ​លែង​អ្នក​ស្រី ទេព វន្នី ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃ ស ផង​ដែរ​។

សកម្ម​ជន​ដី​ធ្លី​បឹង​កក់​បាន​នាំ​គ្នា​ទៅ​ទទួល​អ្នក​ស្រី ទេព វន្នី ពី​ពន្ធនា​គារ​ព្រៃ​ស នៅ​យប់​នេះ​។

សូម​រំលឹកថា កាលពី​ ឆ្នាំ​២០១៧ តុលាការ​ក្រុង​ភ្នំពេញ បាន​សម្រេច​ផ្ដន្ទាទោស អ្នកស្រី ទេព វន្នី ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ២​ឆ្នាំ​កន្លះ និង​ពិន័យ​ប្រាក់​បង់​ចូល​រដ្ឋ​ចំនួន ៥​លាន​រៀល ព្រមទាំង​សងជំងឺចិត្ត​សន្តិសុខ​ពីរ​នាក់​ជាដើម​បណ្ដឹង ចំនួន ៩​លាន​រៀល ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស លើ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាលា​ខណ្ឌ​ដូនពេញ ដែល​អាជ្ញាធរ​ចោទ​ថា បាន​ប្រព្រឹត្ត​នៅ​ក្បែរ​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៣៕

អត្ថបទ៖ ឃុត សុខឿន​

អត្ថបទថ្មី
;