ក្រុមហ៊ុនវៀតណាម គ្រោងដាំចេក ៥ពាន់ហិចតានៅកម្ពុជា សម្រាប់នាំចេញទៅប្រទេសចិន
- 2018-08-21 06:44:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនវៀតណាម គ្រោងដាំចេក ៥ពាន់ហិចតានៅកម្ពុជា សម្រាប់នាំចេញទៅប្រទេសចិន
ចន្លោះមិនឃើញ
ក្រុមហ៊ុនវៀតណាមមួយឈ្មោះថា Hoang Anh Gia Lai Agriculture Jsc មានគម្រោងវិនិយោគលើដីដាំដុះប្រមាណ ៥ពាន់ហិចតា នៅក្នុងប្រទេសកម្ពុជា។
គម្រោងដែលក្រុមហ៊ុនត្រៀមចាយលុយជាង ៤២លានដុល្លារនេះ គឺត្រូវបានបង្កើតឡើង ក្នុងគោលបំណងដាំចេក សម្រាប់នាំចេញទៅកាន់ប្រទេសចិន។ នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុននេះ បានចុះផ្សាយកាលពីថ្មីៗនេះ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម Vietnam Express កាលពីថ្ងៃទី ២០ សីហាម្សិលមិញ បានឲ្យដឹងថា ចេកស្ទើរទាំងស្រុងដែលដាំបាន នឹងត្រូវនាំចេញទៅកាន់ប្រទេសចិន តាមនាវា ឬផ្លូវថ្នល់។ ចេកមួយគីឡូក្រាមមានតម្លៃ ចាប់ពី ០,៩៥-០,៩៩ ដុល្លារ ក្នុងចន្លោះខែកញ្ញា ដល់ ខែ មីនា។ ចំណែកតម្លៃចាប់ពី ០,៥៦-០,៦០ ដុល្លារ ក្នុងមួយគីឡូក្រាម សម្រាប់ខែផ្សេងៗទៀត។
ទាក់ទិននឹងរឿងនេះ នាយកប្រតិបត្តិក្រុមហ៊ុនវៀតណាមខាងលើ លោក Doan Nguyen Duc បាននិយាយថា ខណៈចិន ត្រូវការចេកប្រមាណ ១៥លានតោនក្នុងមួយឆ្នាំ ក្រុមហ៊ុនរបស់លោក បានផ្គត់ផ្គង់ត្រឹមតែជាង ២៤ម៉ឺនតោនប៉ុណ្ណោះ។
ដើម្បីកាត់បន្ថយការពឹងផ្អែកទាំងស្រុងទៅលើទីផ្សារចិន លោក Duc ក៏បានសង្ឃឹមផងដែរថា ចេកប្រមាណ ២០% របស់ក្រុមហ៊ុនលោក នឹងត្រូវនាំចេញទៅកាន់ ប្រទេសកូរ៉េខាងត្បូង និងជប៉ុន។
គួរបញ្ជាក់ដែរថា ក្រុមហ៊ុនវៀតណាម Hoang Anh Gia Lai Agriculture Jsc បច្ចុប្បន្ននេះ បានកាន់កាប់ដីដាំដុះប្រមាណ ១៣៥០០ ហិចតា នៅក្នុងប្រទេសវៀតណាម ឡាវ និងកម្ពុជា៕